(ភ្នំពេញ)៖ ក្រោយស្ងប់ស្ងាត់មួយខ្យល់ធំ ព្រោះតែការវាយលុកនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា និងជាសកលរួចមក បានធ្វើឲ្យការងារសិល្បៈរបស់តារាចម្រៀង អ្នកមេម៉ាយចាយរាង ពេជ្រ សោភា ស្ងាត់ដូចចោរលួចសេះជាហេតុបង្កឲ្យមានក្ដីបារម្ភចំពោះរូបនាង និងអ្នកគាំទ្រយ៉ាងខ្លាំង។ ប៉ុន្តែការស្ងប់ស្ងាត់នេះ មិនមែនមានន័យថា តារាចម្រៀង ពេជ្រ សោភា គ្មានសកម្មភាពអ្វីទាល់តែសោះនោះទេ ដោយនាងបែរជាសំងំបណ្ដាក់ទុនរកស៊ី ជំនួញឆ្លងប្រទេសធំមួយ ដែលមានមូលដ្ឋាន នៅក្នុងប្រទេសកូរ៉េខាងត្បូង។

តារាចម្រៀងបែបយុវវ័យ រស់នៅក្នុងទ្រនំហង្សមាសជាង១៥ ឆ្នាំ ពេជ្រ សោភា ត្រូវបានគេមើលឃើញថា ឈានជើងចូលមកក្នុងពិភពជំនួញមួយជំហានទៀតហើយ តាមរយៈការដាក់ទុនរកស៊ីធំឆ្លងប្រទេសគឺការនាំយកផលិតរក្សាសម្រស់ មានមូលដ្ឋាននៅប្រទេសកូរ៉េ គឺពីគ្លីនិក «WONJIN» ខណៈគេដឹងថា មានតែរូបនាងម្នាក់គត់ មានសិទ្ធិនាំចូលផ្ដាច់មុខនូវផលិតផលទាំងនេះ មកចែកចាយលក់នៅលើទីផ្សារនៃប្រទេសកម្ពុជា។ តារាហង្សមាស ពេជ្រ សោភា មិនប្រាប់ពីទំហំទឹកប្រាក់ ដែលនាងធ្វើការវិនិយោគដោយស្ងាត់ៗ ជាមួយភាគីកូរ៉េនៅពេលនេះទេ ប៉ុន្ដែតាមអ្នកដែលធ្លាប់រកស៊ីលើផ្នែកនេះ បានបង្ហើបឲ្យដឹងថា ការចំណាយអាចដល់ទៅរាប់សែនដុល្លារឯណោះ ព្រោះការកុម៉្មង់ទិញដឹកតាមកាប៉ាល់ គឺក្នុងមួយមុខៗដល់ទៅរាប់ពាន់ផលិតផល។

អ្នកមេម៉ាយចាយរាង ពេជ្រ សោភា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា អាជីពចម្រៀងគឺនៅតែជាអ្វីដែលនាងស្រឡាញ់បំផុត ហើយអំឡុងពេលផ្ទុះជំងឺកូវីដ១៩នេះ នាងបានធ្វើបទចម្រៀងទុក សម្រាប់ចេញជូនដល់អ្នកគាំទ្ររួចហើយ ប៉ុន្ដែមិនហ៊ានចេញពេលនេះទេ ព្រោះខ្លាចខុសពេលវេលា។ ស្របពេលការងារសិល្បៈស្ងប់ស្ងាត់ នាងពិតជាមានមោទនភាព ដែលត្រូវបានគ្លីនិក « WONJIN» ផ្ដល់សិទ្ធិឲ្យនាងក្នុងការនាំយកផលិតផល ថែរក្សាសម្រស់ ចូលមកក្នុងទីផ្សារប្រទេសកម្ពុជាដោយស្របច្បាប់ ព្រោះផលិតផលទាំងនោះកន្លងមកមាននៅបណ្ដាតាម ប្រទេសនៅជុំវិញពិភពលោកទាំងមូលរួចហើយ។

ងាកមកជីវិតឯកជនរបស់ស្រីស្រស់ ពេជ្រ សោភា វិញ តារារូបនេះហាក់មិនបានខ្វល់ខ្វាយ នឹងចំណងអាពាហ៍ពិពាហ៍ថ្មី ជាមួយគូស្នេហ៍របស់នាងឡើយ ដោយសារតែនាងកំពុងតែយកចិត្តទុកដាក់លើការងាររកស៊ី និងខ្វល់ចិត្តលើបទច្រៀង ដែលបានត្រៀមរួចរាល់ហើយ ប៉ុន្តែមិនទាន់ត្រូវបានចេញជាសាធារណៈធ្វើឲ្យអ្នកគាំទ្រគិតថា នាងគ្មានបទថ្មីសម្រាប់បំពេរអារម្មណ៍ ដូចជាតារាចម្រៀងដទៃទៀត។ ពេជ្រ សោភា អះអាងថា ចម្រៀងថ្មីក្នុងផលិតកម្ម រស្មីហង្សមាស គឺនាងបានត្រៀមរួចរាល់ហើយ ប៉ុន្តែមិនអាចចេញជាសាធារណៈបានទេនៅពេលនេះ ព្រោះត្រូវមើលលើកាលៈទេសៈជាមុនសិន។

សូមបញ្ជាក់ថា កិច្ចសហការជំនួញរកស៊ីឆ្លងប្រទេសនេះ ពេជ្រ សោភា រំពឹងយ៉ាងមុតមាំថា នឹងទទួលបានជោគជ័យ ព្រោះតែនាងបានឆ្លង កាត់នូវបទពិសោធន៍ រកស៊ីយូរឆ្នាំមកហើយដែរ។ ម្យ៉ាងទៀតការរកស៊ីធំសំខាន់បំផុត ត្រូវមានកត្តា៣យ៉ាង គឺទី១ ស្មោះត្រង់, ទី២ ទំនុកចិត្ត និងទី៣ ភាពជឿជាក់ ទើបសម្រេចបានជោគជ័យ ស្របតាមអ្វីដែលយើងចង់បាន និងមាននិរន្តរភាពការងារទៅថ្ងៃអនាគត៕