(ពិភពលោក)៖ មុននេះបន្តិច Fresh News Plus បានបង្ហាញចំណេះដឹងទូទៅមួយស្តីពីចម្ងាយរវាងផែនដីទៅឋានព្រះច័ន្ទ ដែលមានប្រវែងជិតបំផុត និងឆ្ងាយបំផុត ចាប់ពី៣៨ម៉ឺន ដល់ជាង៤០ម៉ឺនគីឡូម៉ែត្រ។ ចុះបើនិយាយពីចម្ងាយរវាងផែនដីទៅព្រះអាទិត្យវិញ តើអ្នកដឹងទេថាវាមានប្រវែងប៉ុន្មានគីឡូម៉ែត្រទៅ?
ផែនដីគឺជាភពលំដាប់ទី៣ ក្នុងប្រព័ន្ធព្រះអាទិត្យ ហើយចម្ងាយជាមធ្យមពីផែនដីទៅព្រះអាទិត្យគឺ ១៥០លានគីឡូម៉ែត្រឯណោះ។ បើគេនិយាយចម្ងាយឆ្ងាយបំផុតគឺ ១៥២លានគីឡូម៉ែត្រ និងបើនិយាយចម្ងាយជិតបំផុតគឺ ១៤៧លានគីឡូម៉ែត្រ។
គិតមកដល់ពេលនេះ ព្រះអាទិត្យមានអាយុប្រមាណ ៤,៦០០លានឆ្នាំមកហើយ រីឯផែនដីវិញមានអាយុប្រមាណ ៤,៥០០លានឆ្នាំ។
អង្កត់ផ្ចិតរបស់ព្រះអាទិត្យ មានប្រហែល ១,៣៩លានគីឡូម៉ែត្រ ពោលគឺធំជាង១០៩ដងនៃផែនដីហើយ ម៉ាស់របស់វាមានប្រហែលជា ៣៣០,០០០ដងនៃផែនដីយើង។ មានន័យថា ប្រសិនបើអ្នកដាក់ព្រះអាទិត្យនៅលើជញ្ជីងនោះអ្នកនឹងត្រូវការវត្ថុ ៣៣៣,០០០ដង ដែលមានទម្ងន់ស្មើនឹងផែនដី ដើម្បីឲ្យវាមានសមាមាត្រនឹងគ្នា។
ប្រសិនបើគ្មានព្រះអាទិត្យទេ ផែនដីក៏មិនអាចមានជីវិតដែលរស់នៅនោះដែរ ព្រោះព្រះអាទិត្យបានបញ្ចេញពន្លឺ និងកំដៅ ដែលផែនដីត្រូវការដើម្បីឲ្យមានជីវិតរស់នៅ។ ព្រះអាទិត្យវិលមួយជុំម្ដង មានរយៈពេល២៧ថ្ងៃ។ ផែនដីយើងបានវិលជុំវិញព្រះអាទិត្យ ដោយប្រើរយៈពេល ៣៦៥ថ្ងៃនៅក្នុងលំហរ។
គួរជម្រាបដែរថា ព្រះអាទិត្យ គឺជាតារាមួយដួងដែលបានបញ្ចេញពន្លឺ នៅក្នុងលំហរតែមួយគត់ ហើយសូម្បីតែព្រះច័ន្ទ ក៏មិនបានបញ្ចេញពន្លឺដោយខ្លួនឯងដែរ និយាយជារួមវាទទួលបានពន្លឺពីព្រះអាទិត្យ និងអាចនិយាយមួយបែបទៀតព្រះច័ន្ទដូចជាកញ្ចក់ដែលចាំងផ្លាតពន្លឺពីព្រះអាទិត្យមកផែនដីនៅពេលរាត្រី៕