(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយ(១/៤ផ្ដាច់ព្រ័ត្រ) ហើយ បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះជុំទី២ កាលពីព្រឹកមិញ ស្របពេលក្រុមយុវជនបឹងកេត បានត្រឹមខកចិត្ត ក្រោយបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្រុម U18 វិសាខា ៤-០។

សម្រាប់បេក្ខភាពវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ រួមមានពូល A ក្រុមយុវជនវិសាខា និងក្រុមយុវជនភ្នំពេញក្រោន មាន ៦ពិន្ទុស្មើគ្នា ។ ពូល B ក្រុមសាលាតម្រង់ទិស ខេត្ដបន្ទាយមានជ័យ មាន ៧ពិន្ទុ និងក្រុមសាលាតម្រង់ទិស ខេត្តឧត្តរមានជ័យ មាន ៤ពិន្ទុ ។ ពូល C ក្រុមយុវជនព្រះខ័នរាជស្វាយរៀង មាន ៩ពិន្ទុ និងក្រុមសាលាតម្រង់ទិស ខេត្តកំពង់ស្ពឺ មាន ៦ពិន្ទុ ។ ពូល D មានក្រុមសាលាតម្រង់ទិស ខេត្តស្ទឹងត្រែង មាន ៧ពិន្ទុ និងក្រុមសាលាតម្រង់ទិស ខេត្តក្រចេះ មាន ៦ពិន្ទុ ។

ចំពោះក្រុម U-18 បឹងកេត ដែលបានឈរកំពូលតារាងពូល A ដោយកាន់ ៤ពិន្ទុបណ្ដោះអាសន្ន តាំងពីសប្ដាហ៍ទី២ នៃជុំទី២ ហើយត្រូវការត្រឹមស្មើ ដើម្បីឡើងវគ្គបន្ដ បានត្រឹមសោកស្ដាយប៉ុណ្ណោះ បន្ទាប់ពីប្រកួតចាញ់ក្រុម U18 វិសាខា ក្នុងជំនួបដ៏សំខាន់ខាងលើ ។ ជំនួបដ៏តានតឹងនេះ វគ្គទី១ គ្មានក្រុមណាអាចទាត់បំប៉ោងសំណាញ់ទីគ្នាបានឡើយ ។ លុះចូលវគ្គទី២ កីឡាករ វុធ តុលា បានទាត់បំប៉ោងសំណាញ់ទីបឹងកេត ៤គ្រាប់ម្នាក់ឯង នៅចុងម៉ោង ដែលជួយយុវជនវិសាខាឡើងវគ្គ ៨ក្រុមចុងក្រោយតែម្ដង ។

ដោយឡែកលទ្ធផលប្រកួតចុងក្រោយបេក្ខភាពវគ្គបន្ដ ៧ក្រុមផ្សេងទៀត រួមមានក្រុម U18 ភ្នំពេញក្រោន បានយកឈ្នះក្រុម ISI ដង្កោសែនជ័យ ២-១ ។ សាលាតម្រង់ទិស ខេត្ដបន្ទាយមានជ័យ ស្មើសាលាតម្រង់ទិស ខេត្ដឧត្ដរមានជ័យ ០-០ ។ ក្រុម U18 ព្រះខ័នរាជស្វាយរៀង លត់សាលាតម្រង់ទិស ខេត្ដកំពត ៦-០ និងសាលាតម្រង់ទិស ខេត្ដកំពង់ស្ពឺ យកឈ្នះសាលាតម្រង់ទិស ខេត្ដកណ្ដាល ៣-២ ។ សាលាតម្រង់ទិស ខេត្ដស្ទឹងត្រែង ស្មើសាលាតម្រង់ទិសខេត្តកំពង់ចាម ២-២ និងក្រុមសាលាតម្រង់ទិសខេត្តក្រចេះ ឈ្នះសាលាតម្រង់ទិសខេត្តព្រៃវែង ២-២ ។

សម្រាប់កម្មវិធីប្រកួតវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ បើតាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ គណៈកម្មការរៀបចំការប្រកួត នឹងធ្វើការផ្គូរផ្គង់ ដោយសម្រួលដល់ក្រុមនីមួយៗ ក្នុងការជួបគ្នា គឺជាក្រុម ដែលមានមូលដ្ឋាននៅខេត្តជិតគ្នា ចៀសវាងការធ្វើដំណើរឆ្ងាយរបស់យុវជន ។ ប៉ុន្ដែប្រភពដដែល បានសង្កត់ធ្ងន់ថា ក្រុមដែលជួបគ្នាក្នុងពូល កាលពីជុំទី២ ម្ដងហើយ គឺមិនអាចជួបគ្នាម្ដងទៀតនោះទេ ។ ចំពោះកម្មវិធីប្រកួតលម្អិត សហព័ន្ធនឹងធ្វើការផ្សព្វផ្សាយតាមក្រោយ៕