(ពិភពលោក)៖ ស្នេហាពិតមិនគិតលើអាយុមែន ជាក់ស្តែងលោកស្រី ប្រីហ្កគីតតឹះ ត្រុញញ៉ូ (Brigitte Trogneux) ភរិយារបស់ប្រធានាធិបតីបារាំង លោក អេម៉ាញូអែល ម៉ាក្រុង (Emmanuel Macron) មានអាយុច្រើនជាងលោកប្រធានាធិបតីវ័យក្មេង នៅទ្វីបអឺរ៉ុបនេះរហូតដល់ទៅ ២៤ឆ្នាំ ឯណោះ។ បើនិយាយអំពីអាយុ គឺជារឿងគួរឲ្យចាប់អារម្មណ៍រវាងស្នេហាអ្នកទាំងពីរ ប៉ុន្តែរឿងដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះ ស្ត្រីទី១រូបនេះ គឺជាអតីតគ្រូបង្រៀនរបស់លោក ម៉ាក្រុង ផ្ទាល់ទៀតផង។

តើអ្នកដឹងអំពីប្រវត្តិស្នេហា របស់អ្នកទាំងពីរដែរទេ? Fresh News Plus សូមចែករំលែកពីប្រវត្តិស្នេហា រវាងគូស្នេហ៍ខុសជំនាន់មួយគូនេះ ដូចខាងក្រោម៖

លោក ម៉ាក្រុង កើតនៅឆ្នាំ១៩៧៧ ខណៈលោកស្រី ត្រុញញ៉ូ កើតនៅឆ្នាំ១៩៥៣។ គិតមកដល់ឆ្នាំ២០២០ អ្នកទាំងពីរមានចំណងអាពាហ៍ពិពាហ៍ ១៣ឆ្នាំហើយ ហើយមានស្នេហាយ៉ាងមានសុភមង្គលបំផុត និងបង្កើតកូនបាន ៤នាក់បន្ថែមទៀត។

«បើគ្មាននាង ខ្ញុំប្រហែល មិនមែនជាខ្ញុំ ក្នុងពេលនេះនោះទេ»។ នេះជាសម្តីរបស់លោក ម៉ាក្រុង ដែលបានប្រកាសក្នុងពេល ដែលលោកទទួលបាន ជោគជ័យ ក្នុងព្រឹត្តិការណ៍បោះឆ្នោតជុំទីមួយជ្រើសរើសប្រធានាធិបតីបារាំង ដែលប្រព្រឹត្តទៅកាលពីខែមេសា ឆ្នាំ២០១៧កន្លងទៅនេះ។

ទំនាក់ទំនងស្នេហាដ៏គួរចាប់អារម្មណ៍របស់ពួកគេ ចាប់ផ្តើមឡើងនៅពេលដែលយុវជនវ័យ ម៉ាក្រុង មានអាយុ១៥ឆ្នាំ ចូលរៀនដោយមាននាង ត្រុញញ៉ូ ជាគ្រូបង្រៀន ផ្ទាល់តែម្តង។ ត្រុញញ៉ូ កើតក្នុងគ្រួសារនៃវណ្ណៈគហបតី ជាកូនពៅក្នុងចំណោមបងប្អូន៦នាក់។

មិនខុសពីម៉ាក្រុង, ត្រុញញ៉ូ មានស្រុកកំណើតនៅក្នុងទីក្រុងអាម្យៀង (Amiens) ភាគខាងជើង ប្រទេសបារាំង។ មុនពេលជួប ម៉ាក្រុង ត្រុញញ៉ូរស់នៅក្នុងជីវិត បែបសាមញ្ញៗ ដោយមានមុខរបរ ជាគ្រូបង្រៀនភាសាបារាំង ភាសាឡាតាំង ព្រមទាំងបានរៀបការជាមួយបុគ្គលិកធនាគារម្នាក់គឺលោក អង់ដ្រេ ល្វី អូហ្សីយ៊ែ (Andre Louis Auziere) និងមានកូន៣នាក់។ ស្ត្រីដែលមានកូន៣នាក់រូបនេះ បានលែងលះលោកអូហ្សីយ៊ែ ដែលជាស្វាមីទីមួយ ក្នុងឆ្នាំ២០០៦។

មិនច្បាស់ថា តើភាពផ្អែមល្ហែមរវាងម៉ាក្រុង និងត្រុញញ៉ូ កើតឡើងនៅពេលណាពិតប្រាកដនោះទេ ប៉ុន្តែគ្រាន់តែដឹងថា ម៉ាក្រុង បានសុំស្រឡាញ់នាងក្នុងពេល ដែលលោកស្ថិតក្នុងវ័យ១៧ឆ្នាំ ទាំងដែលនាងមិនទាន់លែងលះនៅឡើយ។ លោកបានលើកឡើងថា «មិនខ្វល់ថា នាងធ្វើអ្វី ខ្ញុំនឹងរៀបការ ជាមួយនាង»

យ៉ាងនេះក្តី ឪពុកម្តាយរបស់ ម៉ាក្រុង មិនយល់ព្រមចំពោះទំនាក់ទំនងរវាងអ្នកទាំងពីរឡើយ។ ឪពុករបស់លោកបានស្នើឱ្យលោកស្រី ត្រុញញ៉ូ ចាកចេញពីកូនប្រុសលោក ដោយរង់ចាំរហូតដល់លោក ម៉ាក្រុង ឈានដល់វ័យ១៨ឆ្នាំជាមុនសិន។

សូមជម្រាបថា សូម្បីលោក ហ្វីលីព បេសសុង (Philippe Besson) ដែលជាមិត្តភិក្តម្នាក់គូស្នេហ៍ទាំងពីរ ក៏បានទទួលស្គាល់ផងដែរថាក្នុងពេលនោះគ្មានអ្នកណាម្នាក់ ទទួលយកទំនាក់ទំនងរបស់អ្នកទាំងពីរឡើយ។ «អ្នកទាំងពីរ មើលទៅមិនសាកសមគ្នា ទាល់តែសោះ គ្មានការទទួលស្គាល់ពីគ្រួសារ ហើយត្រូវបានគេសើចចម្អក ដោយសារវ័យខុសគ្នាខ្លាំងពេក ជាពិសេសគឺស្ត្រីជាមនុស្សដែលមានវ័យចំណាស់ជាងបែបនេះ»

បន្ទាប់ពីជម្នះទៅលើឧបសគ្គផ្សេងៗ អ្នកទាំងពីរក៏បានរៀបការជាមួយគ្នាក្នុងឆ្នាំ២០០៧ គឺរយៈពេលមួយឆ្នាំបន្ទាប់ពីលោកស្រី ត្រុញញ៉ូ បានលែងលះ​ស្វាមីទីមួយរួចហើយ។ ក្នុងសៀវភៅមួយក្បាល ដែលមានចំណងជើងថា «Emmanuel Macron: A perfect young man» បានដកស្រង់សម្តីរបស់លោកស្រី ត្រុញញ៉ូ យ៉ាងដូច្នេះថា «គ្មានអ្នកណាម្នាក់ដឹងថា តើអ្វីដែលធ្វើឱ្យទំនាក់ទំនងរបស់យើងក្លាយជាស្នេហាបែបនេះឡើយ នេះជាអាថ៌កំបាំងរបស់យើង»

ដោយឡែក លោក ម៉ាក្រុង បានលើកឡើងថា «គ្រួសាររបស់យើងមិនមែនជាគ្រួសារបុរាណនោះឡើយ វាជាការពិត។ ប្រឈមមុខនឹងឧបសគ្គបែបនេះ តើយើងគួរកាត់​បន្ថយក្តីស្រឡាញ់ពីគ្រួសាររបស់យើងមែនទេ តែខ្ញុំមិនធ្លាប់គិតបែបនេះឡើយ វាប្រហែលជាខុសពីគ្រួសារសាមញ្ញផ្សេងៗទៀត»។ លោកក៏ធ្លាប់បានលើក ឡើងផងដែរថា «ឆ្លងកាត់ផ្លូវដើរអស់រយៈពេលជាយូរឆ្នាំ នាងបានក្លាយជាអ្នកណែនាំនិងជំរុញទឹកចិត្តខ្ញុំរហូត»

គិតត្រឹមឆ្នាំ២០២០ លោកស្រី ត្រុញញ៉ូ បច្ចុប្បន្នស្ថិតក្នុងវ័យ៦៧ឆ្នាំ ជាម្តាយដែលមានកូន ០៧នាក់។ ផ្ទុយពីសហរដ្ឋអាមេរិក ស្វាមីភរិយារបស់មេដឹកនាំប្រទេស បារាំង មិនសូវបង្ហាញតួនាទីអ្វីសំខាន់ក្នុងកិច្ចការសាធារណៈឡើយ។ ប៉ុន្តែលោក ម៉ាក្រុង ធ្លាប់បានលើកឡើងថា ប្រសិនបើលោកជាប់ឆ្នោត លោកនឹងផ្តល់តួនាទីណាមួយក្នុងជួររដ្ឋាភិបាលដល់ភរិយារូបនេះ៕