(រ៉ូម)៖ រដ្ឋាភិបាលអ៉ីតាលី បានបដិសេធនូវសំណើក្នុងការអនុញ្ញាតឲ្យមានអ្នកគាំទ្របន្ថែមទៀត ក្នុងការចូលទស្សនាព្រឹត្តិការណ៍កីឡា នៅឯពហុកីឡដ្ឋាន ក្នុងនោះរួមទាំងការប្រកួតបាល់ទាត់ លីគសេរី A ផងដែរ, នេះបើយោងតាមសារព័ត៌មាន Sportstar ចេញផ្សាយនាយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ។

តំបន់មួយចំនួនរបស់អ៉ីតាលី បានស្នើសុំថា បច្ចុប្បន្នការកំណត់ឲ្យមាន អ្នកទស្សនា១,០០០នាក់នោះ គួរតែបង្កើនឲ្យដល់២៥ភាគរយ នៃសមត្ថភាពផ្ទុកអ្នកគាំទ្រ របស់ពហុកីឡដ្ឋាន ពោលគឺគួរតែអនុញ្ញាតឲ្យមានជិត២០,០០០នាក់ នៃក្រុមអ្នកគាំទ្រនៅឯពហុកីឡដ្ឋានធំៗដូចជា ពហុកីឡដ្ឋាន San Siro នៅទីក្រុង Milan និងពហុកីឡដ្ឋាន Stadio Olimpico នៅទីក្រុង Rome ជាដើម។

គណៈកម្មាធិការបច្ចេកទេសវិទ្យាសាស្ត្រ របស់រដ្ឋាភិបាលអ៉ីតាលី បានលើកឡើងថា ការបង្កើនចំនួនអ្នកគាំទ្រនៅក្នុងពហុកីឡដ្ឋាននេះ មិនអាចធ្វើឡើងនោះទេ ដោយសារស្ថានភាពការរីករាលដាល នៃជំងឺ COVID-19។

គណៈកម្មាធិការបច្ចេកទេសវិទ្យាសាស្ត្រ របស់រដ្ឋាភិបាលអ៉ីតាលី បានបន្ថែមថា សំណើរនេះខ្លួនអាចនឹងត្រូវបានពិចារណាម្តងទៀត នៅពេលណាមួយ ដែលទទួលបានព័ត៌មានបន្ថែម ស្តីពីផលប៉ះពាល់ ពីស្ថានភាពជំងឺ COVID-19 នៃការបើកឲ្យដំណើរការសាលារៀនឡើងវិញ នាដើមខែនេះ៕