(អាមេរិក)៖ ក្រុមហ៊ុន Apple បានបង្ហាញថា ត្រីមាសវិស្សមកាលចុងឆ្នាំ ២០២០ ការលក់ និងប្រាក់ចំណេញ បានកើនឡើងលើសពីការរំពឹង ទុក របស់ក្រុមអ្នកវិភាគ ដោយក្នុងនោះ iPhone 5G បានជួយជំរុញឱ្យប្រាក់ចំណូលបានមកពីការលក់ទូរស័័ព្ទរបស់ Apple កើនឡើងខ្ពស់ នៅ ក្នុងទីផ្សារប្រទេសចិន រហូតដល់ ៥៧ភាគរយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា នៅចុងឆ្នាំ ២០២០ តួលេខនៃការលក់ iPhone របស់ក្រុមហ៊ុន Apple បានហក់ឡើងខ្លាំងនៅទីផ្សារប្រទេសចិន ដោយក្នុងនោះ អតិថិជនជាច្រើបានប្ដូរពីម៉ូដែលចាស់ មកប្រើម៉ូដែលថ្មី iPhone 12 ខណៈដែល iPhone 12 លក់នៅលើទឹកដីអឺរ៉ុបមិនសូវដាច់។

ជាមួយគ្នានោះផងដែរ តួលេខនៃការលក់ Mac និង iPad ក៏បានហក់ឡើងខ្លាំងដែរ ដោយសារតែអំឡុងពេលកូវីដ-១៩ រាតត្បាតគឺ ជំរុញ ឱ្យ មាន ការសិក្សា និងធ្វើការងារពីផ្ទះ ដែលនាំឱ្យពួកគេត្រូវទិញម៉ាស៊ីន Mac និង iPad ថ្មី។

របាយការណ៍បឋមរបស់ Apple បានបង្ហាញថា នៅត្រីមាសចុងឆ្នាំ២០២០ ក្រុមហ៊ុនរកប្រាក់ចំណូលបានសរុប ១១១.៤៤ពាន់លាន ដុល្លារ អាមេរិក ដោយបានកើនឡើង ២១ភាគរយ ដោយក្នុងនោះប្រាក់ចំណូលបានមកពីការលក់ iPhone មានចំនួន ៦៥.៦០ពាន់លានដុល្លារ អាមេរិក។

នៅត្រីមាសចុងឆ្នាំ ២០២០ ក្រុមហ៊ុន Apple ក៏បានរកចំណូលពីការលក់ Mac បានចំនួន ៨.៦៨ពាន់លានដុល្លារ និងបានមកពីការលក់ iPad ចំនួន ៨.៤៤ពាន់លានដុល្លារអាមេរិក ស្រពេលសេវាកម្មទូរទស្សន៍ តន្ត្រី និងសេវាកម្ម Cloud រកចំណូលសរុបចូលគ្នាបាន ១៥ .៧៦ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា Apple រកចំណូលបាន ២១.៣១ពាន់លានដុល្លារ ពីការលក់ iPhone ពីទីផ្សារប្រទេសចិន ដោយ បានកើនឡើង ៥៧ភាគរយ៕