(ភ្នំពេញ)៖ ក្រុមហ៊ុន ធ្យូបកាហ្វេ បានសម្ពោធជាផ្លូវការហាង ធ្យូបកាហ្វេ ទី១៣ របស់ខ្លួន នៅសង្កាត់ច្បារអំពៅ២ ដែលមានឈ្មោះថា «ធ្យូបកាហ្វេ សាខា CAP»។
យោងតាមនាយកប្រតិបត្តិនៃក្រុមហ៊ុន ធ្យូបកាហ្វេ (ម្ចាស់ម៉ាក ធ្យូបកាហ្វេ) កញ្ញា ស៊ូ មុន្នីពេជ្រ បានថ្លែងក្នុងពិធីសម្ពោធជាផ្លូវការដូចនេះថា អ្វីដែលធ្វើឱ្យ ធ្យូបកាហ្វេ មានសក្តានុពលនោះគឺ គុណភាពល្អ អនាម័យខ្ពស់ សេវាកម្មលឿនរហ័សទាន់ចិត្ត និងសេវាកម្មដឹងជញ្ចូនផងដែរ រួមបញ្ចូលជាមួយកាហ្វេ ដែលមានរសជាតិឆ្ងុយឆ្ងាញ់ នៃកាហ្វេថ្នល់ (Iced cafe Thnol) កាហ្វេឡាតេ (Iced cafe latte) កាពូឈីណូ (Iced cafe cappuccino) ទឹកផ្លែផាសិនស្រស់ (Fresh passion juice) និងតែបៃតងទឹកដោះគោ (Milk green tea) ដែលជារសជាតិល្បីៗ ប្រចាំហាង។
កញ្ញា ស៊ូ មុន្នីពេជ្រ បានបន្តថា «លក្ខណៈពិសេសដែលធ្វើឱ្យយើងអាចពង្រីកសាខា រហូតទៅដល់ ១៥សាខានេះ គឺមានកត្តាជាច្រើន ដូចជាកត្តាផលិតផល គុណភាពរបស់ផលិតផលនីមួយៗ នៅក្នុងសាខារបស់យើងមានលក្ខណៈពិសេសដែលធ្វើឱ្យអតិថិជន គាត់ចូលចិត្តពិសារ ពេលគាត់ញុំាកាហ្វេ របស់ធ្យូបមិនធ្វើឱ្យស្អារករ។ មួយវិញទៀត បរិយាកាសនៅក្នុងហាងធំទូលាយ មើលទៅមិនមានភាពស្មុគស្មាញ និងភាពទាន់សម័យរបស់ហាងនីមួយៗ»។
ដោយមានចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន ធ្យូបកាហ្វេ កន្លងមកដោយសារថា ក្រុមហ៊ុនចង់បង្កើតប្រ៊េនមួយដែលជារបស់កូនខ្មែរផ្ទាល់ ដែលនេះជាហេតុ ធ្វើឱ្យអតិថិជនគាត់ទទួលស្គាល់ ហើយគាត់ចូលចិត្តនិងគាំទ្រផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន ធ្យូបកាហ្វេ ក៏មានបំណងចង់យកប្រ៊េនខ្មែរទៅបរទេសផងដែរ ប្រសិនជាអាចប្រហែលនៅក្នុងឆ្នាំ ២០២៥។
កញ្ញា ស៊ូ មុន្នីពេជ្រ បានបន្ថែមថា «មូលហេតុដែលធ្វើឱ្យក្រុមហ៊ុន ធ្យូបកាហ្វេ មានភាពរីកចម្រើនយ៉ាងរហ័ស ក៏ព្រោះធ្យូបកាហ្វេ មានអត្តសញ្ញាណមួយដោយខ្លួនឯង និងគ្រប់គ្នាតែងតែស្គាល់ ពីកាហ្វេល្បីល្បាញមួយ ឈ្មោះថា កាហ្វេថ្នល់ ដែលកាហ្វេនេះត្រូវបានផលិតពីគ្រាប់កាហ្វេល្អ ជាមួយនឹងទឹកដោះគោខាប់ ដែលធ្វើឱ្យប្រជាជនរបស់យើងគាំទ្រច្រើន ដែលដើមឡើយជាកាហ្វេថ្នល់នេះ គឺជាកាហ្វេតាមចិញ្ចើមថ្នល់នោះ»។
បន្ថែមពីនេះ ក្រុមហ៊ុន ធ្យូបកាហ្វេ ក៏មានគោលដៅ បំពេញចិត្តអតិថិជនក្នុងប្រទេសកម្ពុជា ជាពិសេសនោះ គឺស្រទាប់យុវវ័យតែម្តង ដែលគ្រប់សាខាទាំងអស់ បានផ្តល់នូវការស្វាគមន៍យ៉ាងកក់ក្តៅ រួសរាយរាក់ទាក់ពីបុគ្គលិកដោយពួកគាត់ភាគច្រើនជាសិស្សនិស្សិតផងដែរ។
នៅក្នុងឱកាសថ្ងៃសម្ពោធនេះផងដែរ លោកស្រី ចាន់ សុជាតា ម្ចាស់ហាង ធ្យូបកាហ្វេ សាខា នៅសង្កាត់ច្បារអំពៅ២ បានថ្លែងថា «ខ្ញុំចូលចិត្តញុំាកាហ្វេ ហើយខ្ញុំតែងតែមកញុំាកាហ្វេនៅហាង ធ្យូបជាប្រចាំ។ តាមពិតទៅដើមឡើយ ក្នុងការចាប់អារម្មណ៍ចូលជាសមាជិក ធ្យូបកាហ្វេ នេះគឺដោយសារ វាជាប្រ៊េនដែលបង្កើតឡើងដោយខ្មែរយើង ហើយនៅពេលខ្ញុំចាប់ផ្តើមសាកញុំាគឺមានគុណភាពល្អ ហើយគុណភាពគឺជាកត្តាសំខាន់មួយ រួមជាមួយផលិតផលដែលពួកគាត់យកមកផលិតកាហ្វេគឺឆ្ងាញ់ មួយទៀតនឹងគឺរសជាតិកាហ្វេ ដែលគ្រប់គ្នាតែងតែស្គាល់ គឺជាកាហ្វេថ្នល់នេះឯង។ ម្យ៉ាងវិញទៀតបុគ្គលិករបស់កាហ្វេធ្យូបគឺរួសរាយរាក់ទាក់ រីឯតំលៃក៏សមរម្យ ទើបបណ្តាលឱ្យចិត្តខ្ញុំប្រែរក្លាយពីអតិថិជន ទៅជាម្ចាស់ហាងមួយក្នុងចំណោមហាងកាហ្វេធ្យូប របស់ក្រុមហ៊ុន ធ្យូបកាហ្វេ»។
លោកស្រី ចាន់ សុជាតា បន្ថែមថា លោកស្រីបានជឿជាក់លើហាង ធ្យូបកាហ្វេ ដោយសារជាប្រ៊េនក្នុងស្រុក ម្យ៉ាងវិញទៀតលោកស្រីសង្កេតឃើញថា ប្រជាជនកម្ពុជា បានទទួលស្គាល់ប្រ៊េនរបស់ខ្មែរច្រើន ទាំងគុណភាព និងម៉ាកសញ្ញា មិនមែនថាឱ្យតែក្នុងស្រុកយើងគាំទ្រនោះទេ គឺវាអាស្រ័យលើគុណភាពដែរ។ ដូចនេះគុណភាពល្អ ហើយអាចប្រកួតប្រជែងជាមួយផលិតផលក្រៅស្រុកផងដែរ។
សម្រាប់អតិថិជន អាចស្វែងរក ធ្យូបកាហ្វេ សាខា នេះតាមរយៈអាស័យដ្ឋាន ផ្ទះលេខ ៥៧០ AEO ផ្លូវ ១ សង្កាត់ ច្បារអំពៅ២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
សូមជម្រាបជូនថា ក្រុមហ៊ុន ធ្យូបកាហ្វេ គឺជាម៉ាកយីហោខ្មែរ ដែលបង្កើតឡើងដោយស្ថាបនិកខ្មែរ ៣ រូប ក្នុងនោះរួមមាន កញ្ញា ស៊ូ មុន្នីពេជ្រ លោក ឃន ឈុនដារ៉ា និងលោក ឡាយ បុណ្ណាវឌ្ឍន៍ ដោយអ្នកទាំងបី មានចំណូលចិត្តញុំាកាហ្វេដូចគ្នា ហើយពួកគាត់ទាំងបីមានក្តីស្រមៃរួមគ្នាផងដែរ តាំងពីកុមារភាព គឺចង់បើកហាងកាហ្វេជារបស់កូនខ្មែរ ដែលឈានមុខគេមួយ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ទាំងបីក៏មានមហិច្ឆតា ក្នុងការនាំយកយីហោមួយនេះ ទៅប្រកួតប្រជែងជាមួយនឹងម៉ាកបរទេសផងដែរ។ ចក្ខុវិស័យរបស់ធ្យូបកាហ្វ គឺធ្វើឱ្យកាហ្វេឈានមុខគេ នៅក្នុងប្រទេសកម្ពុជា និងជុំវិញសកលលោក៕