(មេនឆេស្ទើ)៖ ខ្សែបម្រើប្រយុទ្ធ Kevin De Bruyne បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីរយៈពេល ២ឆ្នាំទៀតជាមួយ Manchester City ដែលធ្វើឲ្យកីឡាករប៊ែលហ្សិករូបនេះលេងនៅទឹកដី Etihad រហូតដល់ឆ្នាំ២០២៥។ នេះបើតាមការប្រកាសរបស់ក្លិបដែលលេងនៅ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។

មែនទែនទៅកិច្ចសន្យាចាស់របស់ De Bruyne នឹងផុតកំណត់ជាមួយក្លិបមេឃខៀវនាខែមិថុនា ឆ្នាំ២០២៣ ដែលកីឡាករវ័យ ២៩ឆ្នាំខាងលើនេះជួយ Man City ឈ្នះពានធំៗបាន ៧មកហើយ និងអាចកើនដល់ ១១ពានថែមទៀត ប្រសិនបើជោគជ័យក្នុងរដូវកាលឆ្នាំ២០២០-២០២១ នេះ។

De Bruyne បានមកចូលរួមជាមួយ Man City បន្ទាប់ពីបានចាកចេញពីក្លិប Wolfsburg របស់អាល្លឺម៉ង់ក្នុងឆ្នាំ២០១៥ មក។ De Bruyne រកបាន ៨គ្រាប់ និង Assist បាន ១៦គ្រាប់ផងដែរពីការចូលលេងបាន ៣៣ប្រកួតគ្រប់កម្មវិធីប្រកួតនារដូវកាលនេះ និងជាអ្នកស៊ុតគ្រាប់នាំមុខទៀតផងក្នុងជ័យជម្នះ ២-១ ទៅលើ Borussia Dortmund នៅថ្ងៃបើកឆាកប្រកួតវគ្គ ៨ក្រុមជើងទី១ នៅ UCL៕