(ម៉ិកស៊ិកូ)៖ បេក្ខនារីចំនួន១៤នាក់ ក្នុងចំនួន៣២នាក់ ដែលចូលរួមការប្រកួតបវរកញ្ញា «Miss Mixico Pageant» ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសុខាភិបាលនៅរដ្ឋ Chihuahua ភាគខាងជើងប្រទេសម៉ិកស៊ិក និងត្រូវបានដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន AP នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។
មន្ត្រីសុខាភិបាល លោក Eduardo Fernández Herrera បានប្រាប់កាសែតក្នុងស្រុកថា បេក្ខនារីដែលចូលរួមប្រកួតបវរកញ្ញាទាំងអស់ គឺសុទ្ធតែមានលិខិតបញ្ជាក់ពីការធ្វើតេស្ត «អវិជ្ជមាន» កូវីដ-១៩ មុនពេលចាប់ផ្តើមការប្រកួត។ ប៉ុន្តែក្រោយមក មន្ត្រីសុខាភិបាលស្រាប់តែទទួលដំណឹង ពីការកឃើញមនុស្សម្នាក់ដែលមិនមែនជាបេក្ខនារីប្រកួត ហើយបានចូលរួមក្នុងកម្មវិធីនេះដែរ បានឆ្លងវីរុសកូវីដ-១៩។
ទន្ទឹមនឹងគ្នានេះ បន្ទាប់ពីការការប្រកួតឈានដល់ទីបញ្ចប់ ក៏មានការធ្វើតេស្តម្តងទៀត ជាលទ្ធផលឃើញថា ស្ទើរតែពាក់កណ្តាលនៃបេក្ខនារី ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ ដែលទំនងឆ្លងពីបុគ្គលម្នាក់ ដែលរកឃើញថា មានវិជ្ជមាននោះ។
គួរជម្រាបថា កម្មវិធីប្រឡងបវរកញ្ញា «Miss Mixico Pageant» ឆ្នាំ២០២១ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយក៏បានរកឃើញម្ចាស់ជយលាភីរួចរាល់ផងដែរ ដោយកញ្ញា Karolina Vidales មកពីរដ្ឋ Michoacan ជាម្ចាស់គ្រងមកុដ នឹងត្រូវតំណាងឲ្យប្រទេសម៉ិកស៊ីកូ ទៅចូលរួមប្រកួតកម្មវិធី «Miss World» នាពេលខាងមុខ៕