(ភ្នំពេញ)៖ នៅទីបំផុត ផលិតកម្ម Galaxy Navatra បានបញ្ចេញ Full MV ចម្រៀងបទ «Are You Ok?» ជាផ្លូវការហើយ ដែលច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា។ បទនេះ ត្រូវបានគេសង្កេតឃើញថា បានកែប្រែឈុតឆាក និងអត្ថន័យមួយចំនួន ពោលគឺផលិតកម្មសម្រេចកាត់ចោលពាក្យថា «Clap Clap» និងឈុតឆាកសម្តែងរាំ កាន់កាំភ្លើងក្នុងថ្នាក់រៀន ដែលឈុតទាំងនេះ កាលមានសម្តែងក្នុង វីដេអូ Trailers ផ្ទុះប្រតិកម្មខ្លាំងពីមហាជន។

ត្បិតថាចម្រៀងមួយនេះ បានកែប្រែខ្លឹមសារ និងឈុតឆាកយ៉ាងណាក្តី តែគេសង្កេតឃើញថា នៅតែមានការគាំទ្រ និងចូលទស្សនាច្រើនពីសំណាក់យុវវ័យ និងមហាជនទូទៅ។ ផលិតកម្ម Galaxy Navatra បញ្ចេញបទនេះ ទើបតែបានមួយម៉ោងដំបូង មានអ្នកចូលទស្សនាក្នុងបណ្តាញសង្គម YouTube រហូតដល់ជាង ១០០K View ទៅហើយ។ អាចនិយាយបានថា បទនេះមានប្រជាប្រិយភាពមិនធម្មតាឡើយ ដោយទាក់ទាញបានចំណាប់អារម្មណ៍ទស្សនិកជនទាំងក្នុង និងក្រៅស្រុក។

ជាការកត់សម្គាល់ កាលដំបូងឡើយ បន្ទាប់ពីផលិតកម្ម Galaxy Navatra បានបញ្ចេញ Trailers បទ «Are You Ok?» លើបណ្ដាញសង្គម Tik Tok ភ្លាម បទចម្រៀងមួយនេះ ទទួលបានការគាំទ្រលើសលប់ពាសពេញពិភពលោកតែម្ដង ដោយគ្រាន់តែបង្ហោះបានត្រឹម ២៤ម៉ោងដំបូង មានអ្នកចូលទស្សនាជិត២០លានដង។ ទន្ទឹមនឹងការគាំទ្រច្រើន បទនេះក៏មានរឿងចម្រូងចម្រាស់ផងដែរ ពោលគឺមហាជនមួយចំនួនហាក់សម្តែងការមិនពេញចិត្ត ដោយអះអាងថា អត្ថន័យនៃចម្រៀងប្រាសចាកសីលធម៌ ជាពិសេសការសម្តែងជាសិស្សសាលា និងកាន់កាំភ្លើងក្នុងថ្នាក់រៀនជាដើម។ តែយ៉ាងណានៅពេលនេះ ចម្រៀងបទ «Are You Ok?» បានចេញ Full MV ជាផ្លូវការ ដោយបានកាត់ខ្លឹមសារ និងឈុតឆាក ដែលមហាជនមិនពេញចិត្តចេញតែម្តង។

រំលឹកកាលចម្រៀងមួយនេះ បញ្ចេញ Trailers ដំបូងនៅលើ Channel Tik Tok របស់ផលិតកម្ម Galaxy Navatra ទទួលបានការគាំទ្រលើសលប់ពាសពេញពិភពលោកតែម្ដង ដោយគ្រាន់តែបង្ហោះបានត្រឹម២៤ម៉ោងដំបូង មានអ្នកចូលទស្សនា ជិត២០លានដង មិនទាន់រាប់ចូលអ្នកលេង Tik Tok ផ្សេងទៀត Copy យកទៅបង្ហោះតផង។ អ្នកលេងបណ្តាញសង្គម Tik Tok នៅបរទេសដំបូងឡើយ គិតថាបទ «Are You Ok?» គឺជាបទ ចម្រៀងរបស់ កូរ៉េ ឬ ឥណ្ឌូណេស៊ី ឬ ថៃ ប៉ុន្តែបន្ទាប់ពីផលិតកម្ម Galaxy Navatra ប្រលែងវីដេអូ Trailers បទនេះភ្លាម ទើបពួកគេដឹងថា ជាបទចម្រៀងរបស់កម្ពុជា។

សម្រាប់ MV ផ្លូវការដែលទើបបញ្ចេញនៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះវិញ គឺកំពុងតែមានការចូលទស្សនាភ្លូកទឹកភ្លូកដី ពីសំណាក់យុវវ័យ និងទស្សនិកជននិយមស្តាប់ចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍។ ក្រៅពីមាន សាច់ភ្លេងបូកកន្ត្រាក់ខ្លាំង ធ្វើឲ្យអ្នកដែលបានស្តាប់រីករាយទៅតាមសាច់ភ្លេងផងដែរ បទនេះ គឺមានមានគំនិតកែច្នៃខ្ពស់ ជាក់ស្តែង ការថតចម្រៀងនេះ គឺបានប្រើប្រាស់នូវកាមេរ៉ាទំនើបៗទើបកម្មង់ពីក្រៅប្រទេស ថតក្រោយក្រុមអ្នកជំនាញផងដែរ។

គួរជម្រាបថា «Are You Ok?» ជា ពាក្យ អ្នកលេង Tik Tok ម្នាក់ និយាយ លេង ត្រូវបាន អ្នកភ្លេង ម្នាក់ យកទៅ Remix ផុស លើ Tik Tok ហើយ ទទួលបាន ការគាំទ្រពី មហាជនជុំវិញ ពិភពលោក ពេលនេះ ផលិតកម្ម Galaxy Navatra ទិញ សិទ្ធិ ពាក្យ នោះ យកទៅ ផលិត ជា បទ ចម្រៀង ឲ្យ មាន លក្ខណៈ ស្ដង់ដា។ ដោយទិញពីបុរសម្នាក់ ក្នុងតម្លៃ ១២.០០០ ដុល្លារ៕

ចង់ដឹងចម្រៀងនេះមានភាពទាក់ទាញ និងអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖