(លីវើភូល)៖ ក្លិប Everton បានសម្រេចការចុះហត្ថលេខា ជាមួយខ្សែការពារខាងឆ្វេង សញ្ជាតិអ៊ុយក្រែន កីឡាករ Vitaliy Mykolenko មកពីក្លិប Dynamo Kiev លើកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៦, នេះបើតាមការឲ្យដឹងពីក្លិប ដែលលេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ។
ក្លិប មិនបានបង្ហាញពីតម្លៃខ្លួន របស់កីឡាករនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្នុងតម្លៃ១៨លានផោន (២៤.៣៥លានដុល្លារ)។
កីឡាករវ័យ២២ឆ្នាំរូបនេះ បានជាប់លេងក្នុងក្រុមជម្រើសជាតិអ៊ុយក្រែន ចំនួន២១លើក និងបានបង្ហាញខ្លួន១៣២ប្រកួត សម្រាប់ក្លិប Dynamo នៅក្នុងការប្រកួតទាំងអស់ បន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូង នៅក្នុងក្រុមជម្រើសដំបូងរបស់លោក ក្នុងឆ្នាំ២០១៦។
Everton, ដែលឈរនៅលំដាប់ទី១៥ ក្នុងលីគ ជាមួយនឹង១៩ពិន្ទុ ពី១៧ប្រកួតនោះ, នឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ Brighton & Hove Albion នៅថ្ងៃអាទិត្យនេះ៕