(ភ្នំពេញ)៖ ខ្សែប្រយុទ្ធវ័យក្មេង កើត ពេជ្រ បានសម្ដែងនូវការសប្បាយចិត្ដជាខ្លាំង ក្រោយបានចូលរួមជាមួយក្រុមជើងឯក ៧សម័យភ្នំពេញក្រោន ដែលជាក្លិបក្នុងស្រម៉ៃរបស់ខ្លួនតាំងពីក្មេង។

ការលើកឡើងនេះ បន្ទាប់ពីក្លិបភ្នំពេញក្រោន បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងប្រកាសផ្ទេរយកកីឡាករវ័យក្មេងខាងលើមករួមក្រុម សម្រាប់ត្រៀមរដូវកាលថ្មី ឆ្នាំ២០២២ ខាងមុខ បន្ទាប់ពី កើត ពេជ្រ និងយុវជន ៤រូបទៀត ត្រូវបានប្រកាសរំសាយពីមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី។

កីឡាករត្រូវបានគេរំពឹងថា នឹងត្រូវជំនួសតំណែងកីឡាករ ម៉ៅ ពិសិដ្ឋ ដែលផ្ទេរទៅអង្គរថាយហ្គឺរ ក្រោមលក្ខខណ្ឌខ្ចីជើងរូបនេះបានបញ្ជាក់ថា «ខ្ញុំសប្បាយចិត្តក្នុងការចូលរួមជាមួយភ្នំពេញក្រោន ព្រោះជាក្លិបដ៏ធំនៅកម្ពុជា មានកីឡាករល្អៗមានការប្រកួតប្រជែងខ្ពស់ ហើយក៏ជាក្លិបក្នុងក្តីស្រម៉ៃមួយសម្រាប់ខ្ញុំដែលចង់លេងតាំងពីក្មេងផងដែរ»

សូមបញ្ជាក់ថា កើត ពេជ្រ គឺជាកីឡាករដំបូង ដែលរកបានទ្រនំថ្មី ដើម្បីបន្ដអាជីពក្រោយចាកចេញពីសាលាបាល់ទាត់ជាតិបាទី។ រីឯយុវជន ៤រូបទៀតរួមមានកីឡាករ ហួត ដានីន, សៅ វឌ្ឍនា, យ៉ែម ពេជ្រមេសា និង ផាត សុខា ដែលត្រូវបានសហព័ន្ធប្រកាសរំសាយ ក្រោយផុតអាណត្តិកាលពីថ្មីៗ នៅមិនទាន់រកបានក្លិបថ្មី ដើម្បីបន្ដអាជីពរបស់ខ្លួនឡើយ៕