(ក្រុងឡុងដ៍)៖ ខ្សែការពារ Kurt Zouma បានចូលលេងពេញម៉ោងជួយញញួរធំ West Ham United យកឈ្នះ Watford ១-០ សម្រាប់ជើងទី២ នៃសប្តាហ៍ទី២៤ ដ្បិតក្រោយត្រូវបានរិះគន់ជាខ្លាំង នៅពេលរូបគេទាត់ឆ្មាដែលជាសត្វចិញ្ចឹមនាពេលថ្មីៗនេះរួចមក។

៣ពិន្ទុនៅកីឡដ្ឋាន London Stamdium បានធ្វើឲ្យ West Ham រំកិលឡើងទៅកាន់តំណែង Top-4 វិញ នៅពេលយកឈ្នះក្រុមរបស់លោក Roy Hodgson ដ៏លំបាកក្នុងទឹកដី ពីការធ្វើបានសម្រេចដោយកីឡាករ Jarrod Bowen ដែលជាការបញ្ជូនរបស់មិត្តរួមក្រុម Lanzini។

មុនការប្រកួតមកដល់ ក្លិបញញួរធំក៏បានបង្ហាញការសោកស្តាយចំពោះទង្វើរបស់ខ្សែការពារបារាំង Zouma ផងដែរ នៅពេលបានឃើញវីដេអូទាត់ឆ្មាក្នុងផ្ទះរបស់លោក ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមនោះ ដ្បិតកីឡាករវ័យ ២៧ឆ្នាំខាងលើនេះ ក៏បានធ្វើការសុំទោសជាសាធារណៈរួចរាល់ហើយដែរ។

West Ham United ឈរនៅលេខរៀងទី៤ ជាបណ្តោះអាសន្នជាមួយ ៤០ពិន្ទុនាំមុខក្រុមលេខ៥ Manchester United ១ពិន្ទុនៅពេលពួកគេ (Man Utd) លេងបានត្រឹមស្មើក្រុមបាតតារាង Burnley ១-១ យប់មិញនេះដូចគ្នា៕