(កំពង់ឆ្នាំង)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានរៀបចំពិធីក្រុងពាលី សុំម្ចាស់ទឹក ម្ចាស់ដី ជួសជុលប្រាសាទសក្ល ឬប្រាសាទប្រុស ឱ្យរឹងមាំឡើងវិញ ដែលមានទីតាំងស្ថិតនៅក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង។
លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ប្រាប់តាមទូរស័ព្ទឱ្យដឹងថា ដោយមើលឃើញសភាពទ្រុឌទ្រោមរបស់ប្រាសាទសក្ល ឬ ប្រាសាទប្រុស ទើបក្រសួងដឹកនាំដោយលោក អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌជាតិ រៀបចំធ្វើពិធីក្រុងពាលីសុំម្ចាស់ទឹក ម្ចាស់ដី ដែលថែរក្សាព្រៃព្រឹក្សា និងនៅចាំថែរក្សាប្រាសាទ ដើម្បីធ្វើការជួសជុលឲ្យមានជំហររឹងមាំយូរអង្វែង រាប់រយឆ្នាំតទៅមុខ សម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់នូវស្នាដៃរបស់បុព្វបុរសខ្មែរយើង។
លោកបន្តថា នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានប្រាសាទមួយចំនួនរួមមាន៖
*ទី១៖ ប្រាសាទប្រុស ស្ថិតក្នុងឃុំច្រណូក,
*ទី២៖ ប្រាសាទ ស្រី ស្ថិតក្នុងឃុំដា
*ទី៣៖ ប្រាសាទមានបុណ្យ នៅលើកំពូលភ្នំ ស្ថិតក្នុងឃុំច្រណូក
*ទី៤៖ ប្រាសាទថ្នមប្ដី ប្រាសាទនេះ មានរូបរាងប្រាសាទ២ទទន្ទឹមគ្នា។ ប្រាសាទទាំងពីរនេះ ស្ថិតក្នុងឃុំដា។ ដោយឡែកប្រាសាទទាំងអស់ខាងលើនេះ ក៏មានសភាពទ្រុតទ្រោម នឹងបន្តធ្វើការជួសជុលផងដែរ។
ក្នុងឱកាសនេះដែរ លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ សូមអញ្ជើញមកទស្សនាប្រាសាទបុរាណខ្មែរយើង ដែលកំពុងលាក់ខ្លួននៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ទីតាំងដូចបានជំរាបជូនខាងលើ បើបងប្អូនអញ្ជើញមកទស្សនាតាំងប្រាសាទដូនតាយើងនៅក្នុងស្រុកកំពង់លែង ពេលមកដល់ទីរួមខេត្តកំពង់ឆ្នាំង ចំណុចផ្សារក្រោម ឆ្លងសាឡាងបន្តមកកាន់ស្រុកកំពង់លែង ធ្វើដំណើរបន្តតាមផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាលគ្រួសក្រហមចូលដល់គ្រប់ប្រាសាទតែម្ដង៕