(ភ្នំពេញ)៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានគ្រងជើងឯកពានរង្វាន់ Cambodian League Cup 2022 រដូវកាលទី១ បន្ទាប់ពីយកឈ្នះក្រុមវិសាខា ដោយលទ្ធផល ២-១ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រលើទឹកដីរបស់ខ្លួន នៅរាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ។
ជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋាន Smart RSN នេះ វគ្គទី១ មិនមានក្រុមណាអាចស៊ុតបំប៉ោងសំណាញ់ទីគ្នាបានឡើយ ។ ប៉ុន្ដែក្រោយចូលលេងវគ្គទី២ បានប្រមាណ ៥នាទី ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បានស៊ុតគ្រាប់នាំមុខវិសាខា ១គ្រាប់ នៅនាទី៥០ ដោយកីឡាករ ប្រាក់ ធីវ៉ា ។
បន្ទាប់មកត្រូវក្រុមសិង្ហក្រហមបើកការនាំមុខ គេឃើញក្រុមលោក មាស ចាន់ណា បានផ្លាស់ប្ដូរកីឡាករថ្មីមួយចំនួន ដូចជា Paulo Victor, សារ ទី និង ច្រឹង ពលរដ្ឋ ជាដើម តែក្នុងចំណោមសមាជិកថ្មីទាំង ៣រូបនេះ កីឡាករប្រេស៊ីល Paulo Victor លេងមិនបានប្រមាណ ៨នាទីប៉ុណ្ណោះ ក៏ត្រូវបានពិន័យកាតក្រហម នៅនាទី៦១ ដែលធ្វើឲ្យវិសាខា សល់សមាជិកលើទីលានត្រឹម ១០រូបប៉ុណ្ណោះ ។
យ៉ាងណាក្ដីវិសាខា បានព្យាយាមវាយបក រហូតរកបានគ្រាប់តាមស្មើ ១-១ វិញ នៅនាទី៨៣ ក្រោយការតែតបញ្ចូលទីរបស់ខ្សែការពារ Khan Mohammed Faeez ។ ប៉ុន្ដែឱកាសប្រជែងពានរបស់វិសាខា ត្រូវបានបាត់បង់ បន្ទាប់ពីកីឡាករ Yudai Ogawa ស៊ុតបន្ថែមគ្រាប់នាំមុខជាថ្មី នៅនាទី៨៧ ដែលជាគ្រាប់បាល់ជ័យជម្នះ ជួយឲ្យក្រុមភ្នំពេញក្រោន គ្រងតំណែងជើងឯកពានរង្វាន់ Cambodian League Cup 2022 តែម្ដង ។
ក្រោយលើកពាន League Cup នេះ គេឃើញក្លិបភ្នំពេញក្រោន បានបង្ហោះសារខ្លីមួយថា “This one is for you, Boss” ពោលគឺក្លិបបានចាត់ទុកពាននេះ គឺសម្រាប់ប្រធានក្លិបរបស់ខ្លួន លោកឧកញ៉ា ឬទ្ធី សំណាង ដែលទើបទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី១១ ខែឧសភាកន្លងទៅ ។
គួរដឹងថា ពានរង្វាន់ League Cup ត្រូវបានក្រុមហ៊ុន Cambodian Premier League រៀបចំឡើង អំឡុងពេលក្រុមជម្រើសជាតិកម្ពុជា ជាប់បេសកកម្មប្រកួតពានរង្វាន់អន្ដរជាតិនានា ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពក្លិបនីមួយៗ ក៏ដូចជាការផ្ដល់ឱកាសឲ្យកីឡាករទាំងអស់បានបង្ហាញសមត្ថភាព ។ ការប្រកួតនេះ មានរយៈពេល ១ខែ ចាប់ពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ដោយមានក្លិបលីគកំពូល(CPL) ៨ក្រុម និងលីគទី២ ចំនួន ៨ក្រុមចូលរួម ៕