(អឺរ៉ុប)៖ ខ្សែបម្រើ Aaron Ramsey បានសម្រេចចិត្តចូលរួមលេងជាមួយក្លិប Nice នៃលីគបារាំង Ligue 1 ក្នុងលក្ខខណ្ឌមិនមានតម្លៃផ្ទេរ ក្រោយផុតកិច្ចសន្យាចេញពីក្លិប Juventus ហើយរូបគេក៏ក្លាយជាកីឡាករសញ្ជាតិវ៉េល២ បន្ទាប់មិត្តរួមជាតិ Joe Rodon ចូលរួមជាមួយក្លិប Rennes ក្នុងលក្ខខណ្ឌខ្ចីជើង។
ក្លិប Nice បានបញ្ចប់នៅលេខរៀងទី៥ នៅ Ligue 1 ដោយមានឱកាសលេងវគ្គជម្រុះពាន Europa Conference League រដូវកាលថ្មីនេះផងដែរ។
បុរសវ័យ ៣១ឆ្នាំ Ramsey ក៏បានក្លាយជាគោលដៅក្នុងការត្រឡប់មកកាន់អតីតក្លិប Cardiff City និង Nottingham Forest វិញផងដែរ ហើយនេះជាការចូលរួមជាមួយ Nice នៃលីគបារាំង មុនពេលដែលរូបគេបង្ហាញខ្លួននៅជុំផ្តាច់ព្រ័ត្រ FIFA World Cup 2022 ចុងឆ្នាំនេះដែរ។
អតីតខ្សែបម្រើឆ្នើម Arsenal បានស្ថិតជាកីឡាករអាជីពម្នាក់ដែលបានឈ្នះពាន Serie A និងពាន Coppa Italia ជាមួយក្លិប Juventus ដោយក្នុង ៣រដូវកាលលេងបាន ៧០ប្រកួត និងរកបាន ៦គ្រាប់។
គួររំលឹកផងថា Nice បានក្លាយជាក្លិបអាជីពទី៦ របស់ខ្សែបម្រើ Ramsey ខណៈរូបគេរកបាន ២០គ្រាប់ក្នុង ៧៥ប្រកួតជាមួយជម្រើសជាតិវ៉េល ហើយក៏ទើបឈ្នះបានលីគស្កុតឡែន Scottish Cup 2021-22 ជាមួយក្លិប Rangers ក្នុងលក្ខណខ្ចីជើងរដូវកាលមុន៕