(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ The Global SME Finance ដែលបានធ្វើទស្សនកិច្ចជាផ្លូវការ នៅការិយាល័យកណ្តាល។
បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានលើកឡើងថា គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍសហគ្រាសខ្នាតតូច និងខ្នាតមធ្យម វិស័យធនាគារនៅកម្ពុជា ជាពិសេស ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានចូលរួមចំណែកក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកប ដោ យនិរន្តរភាព។
លោកបណ្ឌិតបានបន្តថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍ជាច្រើន ដោយផ្តើមចេញពីអង្គការ ក្រៅរដ្ឋាភិបាលក្នុងស្រុក រហូតក្លាយជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារកម្ពុជាដំបូងគេ ដែលបានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅកាន់ប្រទេសជិតខាងក្នុងតំបន់ រួមមានប្រទេសឡាវនៅឆ្នាំ២០០៨ និងមីយ៉ាន់ម៉ានៅឆ្នាំ២០១៣។ នៅខែឧសភា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានក្លាយជាធនាគារពាណិជ្ជដំបូងគេនៅកម្ពុជា ដែលបានបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។
លោកបណ្ឌិត មានសេចក្តីសោមនស្ស ក្នុងការចែករំលែក ព្រមទាំងការសិក្សាស្វែងយល់រវាងគ្នានឹងគ្នាជាមួយនឹងគណៈប្រតិភូ ដែលជាថ្នាក់ដឹកនាំអង្គភាពធុរកិច្ចជុំវិញសកលលោក ហើយលោកបណ្ឌិតសង្ឃឹមថា ការចែករំលែកនូវជំនាញ និងបទពិសោធន៍ ប្រកបដោយភាពជោគជ័យនេះ គឺជាគុណប្រយោជន៍ល្អបំផុត សម្រាប់អង្គភាពអាជីវកម្មទៅវិញទៅមក ក៏ដូចជាសហគ្រាសខ្នាតតូច និងខ្នាតមធ្យម នៅទូទាំងសកលលោក៕