(ប៉េកាំង)៖ អតីតម្ចាស់ជើងឯកបាល់ទះផ្នែកនារី នៅព្រឹត្តិការណ៍ Rio Olympics ឆ្នាំ២០១៦ និងជាកីឡាការិនីល្អបំផុតសម្រាប់ឆ្នាំនោះ Lin Li ដែលពេលថ្មីៗនេះ បានប្រកាសពីការចូលនិវត្តន៍របស់នាងនោះបានលើកឡើងថា នាងបានចាប់ផ្តើមអាជីពថ្មីមួយ គឺជាគ្រូបង្រៀនមហាវិទ្យាល័យ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

Lin បានប្រកាសពីការចូលនិវត្តន៍របស់នាងតាមប្រព័ន្ធសង្គមកាលពីថ្ងៃចន្ទ។ ក្នុងកិច្ចសម្ភាសន៍ជាមួយស៊ិនហួ នាងបានប្រាប់ថា នាងបានចូលបម្រើការងារជាគ្រូបង្រៀននៅមហាវិទ្យាល័យមួយ ក្នុងខេត្ត Fujian។

Lin Li បានលើកឡើងថា «ខ្ញុំកំពុងផ្តោតលើអាជីពថ្មីរបស់ខ្ញុំ។ ខ្ញុំក៏មានការរីករាយចិត្តចំពោះតួនាទីថ្មីនេះ ដោយខ្ញុំអាចផ្ទេរចំណេះដឹងផ្នែកបាល់ទះ តាមរយៈជាគ្រូបង្វឹក និងវប្បធម៌កីឡាដ៏ពេញនិយមនេះដែរ»។

នាង Lin វ័យ ៣១ឆ្នាំ កើតនៅខេត្ត Fujian ហើយបានចាប់ផ្តើមអាជីពបាល់ទះរបស់នាងនៅទីនោះ។ នាងគឺជាកីឡាការិនីម្នាក់ក្នុងចំណោមកីឡាការិនីសំខាន់ នៅក្នុងក្រុមបាល់ទះជម្រើសជាតិចិនផ្នែកនារី សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៥ និង Olympics ឆ្នាំ២០១៦៕