(ភ្នំពេញ)៖ អគារខ្ពស់ៗ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ផ្ដើមរីកដុះដាលជាបន្តបន្ទាប់ ទាំងអគារពាណិជ្ជកម្ម និងអគារខុនដូ ដែលបានរួមចំណែកយ៉ាងខ្លាំង ក្នុងការលើកមុខមាត់ទីក្រុង ឲ្យកាន់ស្រស់ស្អាត និងទំនើប។ ទន្ទឹមគ្នានេះ អគារខ្ពស់ Ibis budget Phnom Penh Riverside ក៏ជាអគារលេចធ្លោមួយ ក្នុងរាជធានីភ្នំពេញ ដែលគ្រោងនឹងបើកដំណើរការសាកល្បង ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ខាងមុខ។
អគារ Ibis Budget Phnom Penh Riverside មានអាសយដ្ឋានស្ថិតនៅតាមបណ្ដោយផ្លូវ ៧៨ សង្កាត់ទន្លេបាសាក់ ដែលប្រមូលផ្ដុំទៅដោយអគារពាណិជ្ជកម្ម អគារលំនៅឋាន និងអាជីវកម្មតូចធំជាច្រើន ជាពិសេសស្ថិតនៅក្បែទីក្រុងកោះពេជ្រ វិមានឯករាជ្យ ព្រះបរមរាជវាំង និងមហាវិថីខ្វាត់ខ្វែង ដែលកាលពីពេលថ្មីៗកន្លងទៅ បានបញ្ចេញភ្លើងពណ៌ដ៏ស្រស់ស្អាត ដើម្បីទទួល និងស្វាគមន៍ឆ្នាំថ្មី ២០២៣។ ការស្វាគមន៍នេះ ក៏ជាការបង្ហាញវត្តមានរបស់ Accor ជាប្រតិបត្តិករអន្តរជាតិដ៏ល្បីល្បាញមួយក្នុងពិភពលោក ក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច ដែលបានសហការជាមួយក្រុមហ៊ុន Dara Hotel Group នៃក្រុមហ៊ុន OCIC។
លោក អ៊ាប ប៊ុនគាង អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Ibis Budget Phnom Penh Riverside បានបង្ហាញចំណាប់អារម្មណ៍ថា «យើងពិតជាមានសេចក្ដីសោមន្សរីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងបន្ថែម ដើម្បីឈានដល់ការបើកដំណើរការសាកល្បងសណ្ឋាគារថ្មីស្រឡាងមួយនេះ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣។ យើងខ្ញុំ ពិតជាត្រេកអរ ដែលបានរៀបចំដំណើរការអាជីវកម្ម និងសេវាកម្មលំហែរកាយ មានតម្លៃសមរម្យស្ថិតនៅកណ្ដាលរាជធានីភ្នំពេញ ជូនចំពោះអ្នកធ្វើដំណើរគ្រប់ៗគ្នា»។
អគារដ៏ខ្ពស់ស្កឹមស្កៃមួយនេះ នឹងក្លាយជាសណ្ឋាគារថ្មីមួយ នៅក្នុងតំបន់ដ៏មានសក្ដានុពល ដែលផ្ដល់ភាពងាយស្រួលសម្រាប់អ្នកស្នាក់នៅ ក្នុងការធ្វើដំណើរទៅកាន់គោលដៅសំខាន់ៗនៃទីក្រុងភ្នំពេញ ពិសេសការផ្ដល់ជូននូវបទពិសោធន៍ស្រដៀងគ្នា ទៅនឹងសណ្ឋាគារជាច្រើនផ្សេងទៀតក្នុងពិភពលោក ក្រោមការគ្រប់គ្រងដោយ Accor ក្នុងតម្លៃសមរម្យថែមទៀតផង។ សណ្ឋាគារ Ibis Budget Phnom Penh Riverside ជាសក្ខីកម្មសបង្ហាញឲ្យឃើញអំពីការស្ដារ និងងើបឡើងវិស័យនៃវិស័យទេសចរណ៍នៅកម្ពុជា ដែលបានត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិកាន់តែច្រើននៅក្នុងឆ្នាំថ្មីនេះ។
គួរបញ្ជាក់ថា ibis budget គឺជាម៉ាកយីហោដ៏ល្បីល្បាញមួយក្នុងពិភពលោក ស្ថិតក្រោមការរៀបចំ និងចាត់ចែងប្រតិបត្តិការដោយក្រុមប្រតិបត្តិការ Accor ដែលបច្ចុប្បន្នបាននឹងកំពុងប្រតិបត្តិការងារ ជាមួយសណ្ឋាគារប្រណិតៗជាច្រើនជាង ៦៣៥ សាខា នៅប្រទេសជាង២០ជុំវិញពិភពលោក ដោយក្នុងនោះរួមមានកម្ពុជាផងដែរ ដែលបានកំពុងប្រតិបត្តិការងារនៅសណ្ឋាគារ Sofitel, សណ្ឋាគារ Raffles, សណ្ឋាគារ Tribe និង ibis Styles ជាដើម៕