(ភ្នំពេញ)៖ កីឡាករចំបាប់ជម្រើសជាតិកម្ពុជា ស៊ូ បាលី បានយកឈ្នះមេដាយសំរឹទ្ធ ១គ្រឿង ក្នុងការប្រកួតកីឡាចំបាប់ជើងឯកយុវជនអាស៊ីអាយុក្រោម ២៣ឆ្នាំ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញ ។

កីឡាករកូនកាត់ខ្មែរ-អ៊ីរ៉ង់រូបនេះ បានឆ្លងកាត់ការប្រកួតជាមួយកីឡាករខ្លាំងៗ ៣ប្រកួត ទម្រាំដណ្ដើមបានមេដាយជូនជាតិ ក្នុងនោះប្រកួត បានឈ្នះម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន ១០-០ពិន្ទុ តែសោកស្ដាយនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បាលី បានចាញ់កីឡាករទួកមេនីស្ថាន ទាំងប្រផិតប្រផើយ ២-២ នៅវិនាទីចុងក្រោយ មុនយកឈ្នះកីឡាករម៉ុងហ្គោលី ៦-១ពិន្ទុកាលពីយប់មិញ ដើម្បីគ្រងមេដាយសំរឹទ្ធតែម្ដង ។

គួរដឹងថា បេសកកម្មខាងលើ សហព័ន្ធកីឡាចំបាប់កម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ៤រូបចូលរួមប្រកួតជើងឯកចំបាប់ U23 អាស៊ី រួមមានកីឡាករ ម៉ូ សារី, ស៊ូ បាលី, កីឡាការិនី ជា កញ្ញា និងកីឡាការិនី ជឿន ស្រីឡែន ដឹកនាំដោយគ្រូបង្វឹកលោកស្រី ចូវ សុធារ៉ា និងលោក Komeil Ghasemi ។ ការចូលរួមនេះ គឺជាជំហានថ្មីមួយទៀត សម្រាប់ក្រុមកីឡាករ-កីឡាការិនីចំបាប់កម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមប្រកួតកីឡាអាស៊ី នៅប្រទេសចិន នាចុងខែកញ្ញាខាងមុខ ។ នេះបើតាមការបញ្ជាក់របស់អនុប្រធានសហព័ន្ធលោក ខេស៊ី បាណេត ៕