(ភ្នំពេញ)៖ ចែ លាភ ហៅ Miss Food ត្រូវបានគេស្គាល់ថា ជាផលិតករស្រីវ័យក្មេង ដែលកំពុងអង្រួនបេះដូងអ្នកទស្សនា តាមរយៈវីដេអូឃ្លីប ស្តីពីចំណីអាហារសុខភាព និងការរស់នៅប្រចាំថ្ងៃ លើទំព័រហ្វេសប៊ុក Miss Food និង តិកតុក Miss Food 10។ រាល់វីដេអូដែល ចែ លាភ ហៅ Miss Food បានផលិត និងបង្ហោះចេញលើបណ្ដាញសង្គមម្ដងៗ មានអ្នកចូលចិត្ត និងទស្សនាជាច្រើនរាប់ពាន់រាប់លាននាក់ ព្រោះជាមាតិកាមានប្រយោជន៍ដល់សុខភាព ម្តាយទារក ក៏ដូចជារបៀបធ្វើម្ហូបអាហារ និង Food Reviews ក៏ដូចជាក្រុមគ្រួសាររីករាយ។
ជាក់ស្តែងគិតមកទល់ពេលនេះ សម្រាប់គណនី TikTok របស់ ចែ លាភ ហៅ Miss Food ដែលមានឈ្មោះថា «Miss Food 10» មានអ្នកតាមដាន (Follower) រហូតទៅដល់ ១.៤លាននាក់ និងឡាច ៧៣.៧ លានឡាច ដែលជាចំនួនមួយដ៏ច្រើនលើសលប់ផងដែរ។ ចំណែកឯហ្វេសប៊ុកវិញមានអ្នកតាមដាន រហូតដល់ ២២៩ ពាន់នាក់ និងអ្នកចូលទនស្សនាវីដេអូជាមធ្យម ១០០ពាន់ដង។
ថ្លែងប្រាប់ Fresh News Plus ផលិតករវ័យក្មេង ចែ លាភ ឲ្យបញ្ជាក់ដឹងថា ដើមចមដែលជម្រុញឲ្យនាង ចាប់ផ្តើមអាជីពអ្នកផលិតមាតិកាវីដេអូ លើបណ្តាញសង្គម ដោយសារនេះតែជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ហើយក៏ជាក្តីស្រមៃចង់ក្លាយខ្លួនជា Content Creator ចែករំលែកនូវចំណេះដឹង បទពិសោធន៍ ទាក់ទងនឹងរបៀបធ្វើម្ហូបអាហារសុខភាព មាតាទារក និងតិចនិកធ្វើឲ្យគ្រួសារមានសុភមង្គល។
ចែ លាភ ហៅ Miss Food និយាយថា «ខ្ញុំគិតថា នេះគឺជាសម័យគេពេញនិយម មាតាវីដេអូ អាស្រ័យហេតុនេះ ប្រសិនបើចង់ល្បី មានអ្វីទៅពិបាក ដោយគ្រាន់តែសំឡឹងមើលតម្រូវការមហាជន ថាពួកគាត់ចូលចិត្តអ្វី ហើយចង់បានមាតិកាបែបណាដែរ អាស្រ័យហេតុនេះ យើងត្រូវផលិតវីដេអូឲ្យចំគោលដៅរបស់ពួកគាត់»។
សូមបញ្ជាក់ផងដែរថា ចែ លាភ ហៅ Miss Food មានឈ្មោះពិត សៅ រតនា ហើយបច្ចុប្បន្ន កំពុងផ្ទុះការគាំទ្រខ្លាំង រហូតអាចក្លាយជា Content Creator ដ៏មានប្រជាប្រិយភាព ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូចឃើញស្រាប់ មានក្រុមហ៊ុនជាច្រើនរួមមាន ម្សៅទឹកដោះគោ ម៉ាស៊ីនបូមទឹកដោះ ប្រេនចំណីអាហារល្បីនានា កំពុងបណ្តាក់គ្នាធ្វើការផ្សព្វផ្សាយផលិតផលក៏ដូចជាប្រេនរបស់ខ្លួន តាមរយៈមាតិកាវីដេអូរបស់អ្នកនាងផងដែរ។ ក្រៅពីនេះ សៅ រតនា ហៅ ចែ លាភ ឬ Miss Food តែងតែចូលរួមសកម្មភាពសប្បុរសធម៌ តាមរយៈការជួយដល់កុមារកំព្រា ប្រជាជនក្រីក្រ មនុស្សចាស់ជរា និង មន្ទីរពេទ្រគន្ធបុប្ផាជាដើម៕