(ឡុងដ៍)៖ កីឡាករ Demarai Gray បានសម្រេចចាកចេញពីក្លិប Everton ទៅចូលរួមជាមួយក្លិប Al-Ettifaq ដែលលេងនៅលីគ Saudi Pro League។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣។
ពាក់ពាន់នៃតម្លៃការផ្ទេរនេះមិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែសេចក្តីរាយការណ៍ បានឲ្យដឹងថា ខ្សែបម្រើសញ្ជាតិហ្សាម៉ាអ៊ីក មានវ័យ ២៧ឆ្នាំរូបនេះ បានផ្ទេរចេញក្នុងនៅក្នុងតម្លៃ ៨លានផោន លើកិច្ចព្រមព្រៀងរយៈពេល ៤ឆ្នាំ។
Gray ត្រូវបានគ្រូបង្វឹក Everton លោក Sean Dyche ស្តីបន្ទោស បន្ទាប់ពីបានរិះគន់អ្នកចាត់ការរបស់លោក លើប្រព័ន្ធសង្គម ក្រោយពីការផ្លាស់ប្តូរទៅកាន់ក្លិប Fulham បានបរាជ័យ។
កីឡាករ Gray មិនបានលេងឲ្យក្លិប Everton នោះទេ ក្នុងរដូវកាលនេះ ហើយក៏មានព័ត៌មានពាក់ព័ន្ធនឹងការផ្លាស់ទៅលេងនៅក្លិបទួរគី Besiktas ផងដែរ មុនពេលសម្រេចការផ្ទេរទៅលេងនៅលីគអារ៉ាប៊ីសាអូឌីតនេះ ខណៈរដូវកាលដោះដូរកីឡាករ ត្រូវបិទនៅថ្ងៃព្រហស្បតិ៍។
រំលឹកផងថា Gray រកបានគ្រាប់បាល់ ៩គ្រាប់ ក្នុងការបង្ហាញខ្លួន ៦៧លើក ក្នុងលីគ Premier League ក្រោយពីបានចូលរួមជាមួយក្លិប Everton ក្នុងឆ្នាំ២០២១៕