(បរទេស)៖ នៅថ្ងៃអង្គារសប្តាហ៍នេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានធ្វើការប្រកាសចេញផលិតផលថ្មីមួយរបស់ខ្លួនប្រភេទខ្មៅដៃ Apple Pencil ជំនាន់ទី២ ជាមួយនឹងការបំពាក់ដោយរន្ធ USB-C ជាលើកដំបូង។ ខណៈការចេញលក់លើកនេះមានតម្លៃ ៧៩ដុល្លារ ដែលជាតម្លៃសមរម្យជាងបើធៀបនឹងជំនាន់ទីមួយមានតម្លៃ ១២៩ដុល្លារឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា Apple Pencil ជំនាន់ថ្មីដែលមានតម្លៃសមរម្យនេះបានបាត់នូវការគាំទ្រមុខងារមួយចំនួន ដោយក្នុងនោះរួមមាន កង្វះមុខងារសង្កត់លើអេក្រង់ Pressure Sensitivity ការគាំទ្រមុខងារឥតខ្សែ និងប៉ះ ២ដងដើម្បីផ្លាស់ប្តូរមុខងារនៅលើខ្មៅដៃជាដើម។

ទោះជាយ៉ាងណាក៏ដោយ Apple Pencil ថ្មីនៅតែជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់ដែលកំពុងតែស្វែងរកស្ទីលដែលមានតម្លៃសមរម្យសម្រាប់ iPad របស់ពួកគេ។ វាក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់ដែលមិនត្រូវការចំណុចខ្វះខាតខាងលើនេះ ព្រោះថាការផ្តល់ជូននេះគឺមានតម្លៃទាបជាងពាក់កណ្តាលបើធៀបនឹងម៉ូដែលមុន។

គួរជម្រាបដែរថា Apple Pencil ថ្មីគឺអាចប្រើបានជាមួយ iPad គ្រប់ម៉ូដែលដែលមានរន្ធ USB-C ខណៈការចេញលក់វិញនឹងចាប់ផ្តើមពីខែវិច្ឆិកាខាងមុខនេះតទៅ៕