(ប៊ែរឡាំង)៖ ខ្សែប្រយុទ្ធក្លិប Bayer Leverkusen កីឡាករ Victor Boniface បានត្រឡប់ចូលក្រុមវិញ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ German Cup ទល់នឹង Fortuna Dusseldorf រាត្រីនេះ បន្ទាប់ពីអវត្តមាន ៣ខែ ដោយសាររបួស។ នេះបើតាមសម្តីអ្នកចាត់ការ Xabi Alonso ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

កីឡាករវ័យ ២៣ឆ្នាំខាងលើ បានទទួលការវះកាត់របួសសាច់ដុំកាលពីខែមករា បន្ទាប់ពីរបួសអំឡុងពេលហ្វឹកហាត់ជាមួយជម្រើសជាតិនីហ្សេរីយ៉ា សម្រាប់ព្រឹត្តិការណ៍ Africa Cup of Nations។

«យើងកំពុងស្ថិតក្នុងស្ថានភាពដ៏ល្អ។ យើងមិនមានកីឡាកររបួស និងត្រៀមខ្លួនបានល្អ។ Boniface ក៏បានវិលត្រឡប់ចូលក្រុមវិញដែរ»។ លោក Alonso បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន ខណៈក្លិបនាំមុខក្នុងលីគ Bundesliga នេះ កំពុងប្រឹងប្រែង ដើម្បីដណ្តើមបានពានរង្វាន់៣ ក្នុងរដូវកាលនេះ។

គួរបញ្ជាក់ថា Boniface រកបាន ១០គ្រាប់ និងបោះអោយគេស៊ុតបាន ៧គ្រាប់នៅ Bundesliga មុនពេលរងរបួស៕