(បាសេឡូណា)៖ ខ្សែប្រយុទ្ធមុតស្រួច Kylain Mbappe រកបាន ២គ្រាប់ចុងម៉ោងពីលទ្ធផលឈ្នះ ៤-១ លើម្ចាស់ផ្ទះ FC Barcelona ដែលនៅសល់សមាជិកតែ ១០នាក់ចាប់ពីនាទី២៩ ក្នុងការជួយ Paris Saint-Germain ឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA Champions League 2023-2024 ជាបន្តទៀត។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

២គ្រាប់របស់ប្រធានក្រុមមាន់គកបារាំងខាងលើនេះដែរ គឺបានកើតឡើងនៅនាទីទី៦១ ដោយបាល់ ១១ម៉ែត្រ និងគ្រាប់ទី២ របស់គេនៅនាទី៨៩ ពោលគឺនៅក្រោយពេលក្រុមភ្ញៀវមួយនេះក៏បាននាំមុខម្ចាស់ផ្ទះ Barcelona របស់អេស្ប៉ាញ ២-១ ទៅហើយដែរគិតចាប់ពីនាទី៥៤ ពីការធ្វើបានសម្រេចរបស់មិត្តរួមក្រុម Dembele និង Vitinha នៃការប្រកួតបញ្ចប់ជើងទី២ វគ្គ ៨ក្រុមចុងក្រោយពាន UCL។

វាជាកំំណត់ត្រាថ្មីមួយទៀតសម្រាប់ PSG ដែលពួកគេបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ UCL ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា បើទោះបីជា Raphinha រកបានគ្រាប់បើកឆាកនៅនាទី១២ ឱ្យក្រុមអ្នកមានបុណ្យក្នុងកីឡដ្ឋាន Camp Nou ក៏ដោយ ជាមួយនឹងការបរាជ័យ ៣-២ ផងដែរកាលជើងទី១ លេងនៅប្រទេសបារាំង។

នៅចាំបានថា PSG ដែលមិនទាន់ស្គាល់រសជាតិពាន UCL ម្តងណានោះ បានត្រឹមរងជើងឯក ១លើកប៉ុណ្ណោះកាលឆ្នាំ២០២០ ដែលបានចាញ់ Bayern Munich ១ទល់នឹង០ វគ្គផ្តាច់ព្រ័ត្រ។ ពួកគេត្រូវប៉ះ Borussia Dortmund ដែលបានទម្លាក់ Atletico Madrid របស់អេស្ប៉ាញដូចគ្នាក្នុងលទ្ធផល ៤-២ នាយប់មិញនេះ សម្រាប់វគ្គ ៤ក្រុមជាបន្តទៀត៕