(បរទេស)៖ ស្របពេលបច្ចេកវិទ្យាកាន់តែជឿនលឿនទៅមុខ ជាមួយនឹងការប្រកួតប្រជែងលើទីផ្សារក៏កាន់តែច្រើនផងនោះ នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerger ត្រូវបានគេមើលឃើញថា ខិតខំជ្រាវស្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាជាច្រើន ដើម្បីគោលដៅចម្បង គឺប្រាក់ចំណេញ។ តែយ៉ាងណា នៅពេលនេះ មានរបាយការណ៍មកថា Meta បានបាត់បង់ចំណែកទីផ្សាររហូតដល់២០០ពាន់លានដុល្លារ ស្របពេលភាគហ៊ុនធ្លាក់ចុះ១៩%។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងថ្ងៃប្រកាសពីប្រាក់ចំណូលក្រុមហ៊ុន លោក Mark Zuckerberg ត្រូវគេមើលឃើញថា បាននិយាយពីការងារជាច្រើនដែលលោកកំពុងធ្វើ រួមមាន AI, Mataverse, វ៉ែនតាឆ្លាតវៃ និងកាសឆ្លាតវៃជាដើម ពោលគឺបានចំណាយពេលស្ទើរតែទាំងស្រុង នៃសុន្ទរកថាបើករបស់លោក ទំរាំឈានដល់ការនិយាយពីបញ្ហាបាត់បង់ចំណែកទីផ្សារ។ នៅពេលនិយាយពីការងារដែល Mark Zuckerberg បានធ្វើ គេមើលឃើញថាវិនិយោគិនហាក់មិនបានចូលរួមស្តាប់ដោយយកចិត្តទុកដាក់នោះទេ ត្បិតភាគហ៊ុនរបស់ Meta បានធ្លាក់ចុះដល់ទៅ ១៩% នៅក្នុងការជួញដូរនៅពីថ្ងៃពុធសប្តាហ៍នេះ ដោយបានបាត់បង់តម្លៃទីផ្សារជាង ២០០ពាន់លានដុល្លារ។

ការធ្លាក់ចុះនេះ បានកើតមានឡើង បើទោះបីជា Meta រាយការណ៍ពីប្រាក់ចំណេញ និងប្រាក់ចំណូលល្អជាងការរំពឹងទុក សម្រាប់ត្រីមាសទីមួយនះក៏ដោយ។ Mark Zuckerberg បាននិយាយកាលពីថ្ងៃពុធថា Meta នឹងបន្តប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ប៉ុន្តែការផ្លាស់ប្តូរធនធានដែលមានស្រាប់ ទៅកាន់ការវិនិយោគនៅក្នុង AI នឹងពង្រីកការចំណាយរបស់យើងប្រកបដោយអត្ថន័យ។ ការចំណាយដើមទុនរបស់ Meta សម្រាប់ឆ្នាំ២០២៤ ត្រូវបានគេរំពឹងថា នឹងស្ថិតនៅក្នុងចន្លោះពី ៣៥ពាន់លានដុល្លារដល់ ៤០ពាន់លានដុល្លារ ដែលជាការកើនឡើងពីការព្យាករណ៍ពីមុនពី ៣០ពាន់លានដុល្លារទៅ ៣៧ពាន់លានដុល្លារ។ ក្រុមហ៊ុននេះ បាននិយាយថា «យើងបន្តពន្លឿនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់យើង ដើម្បីគាំទ្រផែនទីបង្ហាញផ្លូវបញ្ញាសិប្បនិម្មិត (AI) របស់យើង»។

Zuckerberg រំពឹងថានឹងឃើញ «វដ្តនៃការវិនិយោគច្រើនឆ្នាំ» មុនពេលផលិតផល AI របស់ Meta នឹងពង្រីកទៅជាសេវាកម្មដែលរកប្រាក់ចំណេញ ប៉ុន្តែបានកត់សម្គាល់ថាក្រុមហ៊ុនមាន «កំណត់ត្រាតាមដានដ៏រឹងមាំ» នៅក្នុងនាយកដ្ឋាននោះ។

តែយ៉ាងណា នៅពេលនេះស្របពេលភាគហ៊ុនធ្លាក់ចុះកាន់តែខ្លាំង Mark Zuckerberg បានប្រាប់វិនិយោគិនថា «ប្រសិនបើពួកគេសុខចិត្តបន្តដំណើរទៅមុខ ពួកគេអាចនឹងទទួលបានរង្វាន់នឹកស្មានមិនដល់»

គួរជម្រាបថា ក្រុមហ៊ុន Meta បានជះលុយយ៉ាងច្រើនសន្ធឹកសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា AI ដោយក្នុងនោះមានគម្រោងស្រាវជ្រាវមួយដែលមានឈ្មោះថា AI Research SuperCluster ត្រូវបានបង្កើតឡើងក្រោមទឹកប្រាក់ទំហំ ៦ពាន់លានដុល្លារអាមេរិក។ Meta មិនត្រឹមតែជាក្រុមហ៊ុនដែលលូកដៃជ្រៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា AI ប៉ុណ្ណោះទេ ថែមទាំងជាក្រុមហ៊ុនមួយដែលបានជះលុយសម្រាប់ទិញ និងផ្គត់ផ្គង់ដល់ក្រុមហ៊ុន AI Startup ជាច្រើន ដើម្បីយកមកប្រើប្រាស់ និងសហការផងដែរ៕