(អាតែន)៖ ប្រវត្តិសាស្ត្រភ្លើងគប់ សម្រាប់ព្រឹត្តិការណ៍ Paris 2024 Olympic បានចាប់ផ្តើមការធ្វើដំណើររបស់ខ្លួន ពីកំពង់ផែ Piraeus ប្រទេសក្រិក ទៅកាន់ប្រទេសបារាំង នៅថ្ងៃសៅរ៍តាមរយៈនាវាបារាំង Belem។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

នាវាបំពាក់ដោយបង្គោលក្តោងចំនួន៣ នោះ បានបណ្តែតខ្លួនចេញពីកំពង់ផែធំជាងគេបំផុត របស់ប្រទេសក្រិក ៩០ថ្ងៃ មុនពេលព្រឹត្តិការណ៍បើក Paris 2024 Olympics នៅថ្ងៃទី២៦ ខែកក្កដាខាងមុខ។

វាគឺជាលើកដំបូងហើយ នៅក្នុងប្រវត្តិសាស្ត្រ នៃព្រឹត្តិការណ៍ Olympic ដែលភ្លើងគប់ ត្រូវបានដឹកជញ្ជូនតាមផ្លូវសមុទ្រ ខណៈនាវា Belem ត្រូវបានដាក់ឱ្យប្រើប្រាស់ ក្នុងឆ្នាំ១៨៩៦ ជាឆ្នាំជាមួយគ្នា នៃព្រឹត្តិការណ៍ Olympics សម័យទំនើបដែលត្រូវបានធ្វើម្ចាស់ផ្ទះដោយទីក្រុង Athens ប្រទេសក្រិក។

បន្ទាប់ពីឆ្លងកាត់សមុទ្រ Mediterranean, នាវា គ្រោងនឹងធ្វើដំណើរទៅដល់កំពង់ផែទីក្រុង Marseille របស់បារាំង នៅថ្ងៃទី៨ ខែឧសភា ដើម្បីចាប់ផ្តើមជើងទី២ នៃការដង្ហែភ្លើងគប់។

ការដង្ហែភ្លើងគប់ជើងទី១ នៅប្រទេសក្រិក បានចាប់ផ្តើម កាលពីថ្ងៃទី១៦ ខែមេសា ពីតំបន់ Ancient Olympia ជាកន្លែងកំណើតនៃព្រឹត្តិការណ៍ Olympics ២,៨០០ឆ្នាំមុន ជាទីកន្លែងដែលភ្លើងគប់ត្រូវបានដុតឡើង នៅជាប់នឹងកីឡដ្ឋាន ដែលអត្តពលិកពីបុរាណបានប្រកួត៕