(ភ្នំពេញ)៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមភ្នំពេញក្រោន នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) លើកទី១៧ (ថ្នាក់ជាតិ) ឆ្នាំ២០២៣/២៤ នាវេលាម៉ោង ៧យប់ថ្ងៃទី២៨ ខែមេសានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ចាំមើលតើក្រុមណា នឹងក្លាយជាជើងឯក បន្ទាប់ពីក្រុមទាំងពីរ ខកខានជួបគ្នាក្នុងវគ្គដណ្ដើមពាននេះអស់រយៈពេល ១៦ឆ្នាំកន្លងមក?

គ្រូបង្វឹកក្រុមទាំងពីរ បានបង្ហាញពីការត្រៀមខ្លួនរួចរាល់រៀងខ្លួន សម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្រ នារាត្រីថ្ងៃអាទិត្យនេះ ទោះបីមានកីឡាករសំខាន់ៗបញ្ហាមួយចំនួន បានរងរបួសកីឡាករ កំឡុងការប្រកួតបញ្ចប់ជុំទី៣ នៃលីគកំពូលកម្ពុជា ក៏ដោយ ។

លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ទទួលស្គាល់ការប្រកួតនេះ នឹងមានភាពតានតឹង មិនថាក្រុមខ្លួន ឬភ្នំពេញក្រោនឡើយ ដ្បិតក្រុមនីមួយៗ សុទ្ធតែមមាញឹកក្នុងការប្រកួតលីគ ។ ប៉ុន្ដែលោកជឿជាក់លើកូនក្រុមខ្លួន នឹងព្យាយាមធ្វើបានល្អ ដ្បិតពួកគេកំពុងខំប្រឹង ដើម្បីប្រជែងកៅអីជម្រើស ១១នាក់ដំបូង សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន យប់នេះ ។

ចំណែកលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានបញ្ជាក់ថា បន្ទាប់ពីជួបគ្នាក្នុងលីគ ៣ជុំកន្លងមក ក្រុមខ្លួនមានពេលវេលាគ្រប់គ្រាន់ ដើម្បីផ្ដោតលើការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ។ ទោះបីមានកីឡាករមួយចំនួន បានរងរបួស មិនអាចចូលរួមប្រកួតថ្ងៃអាទិត្យនេះបាន តែក្នុងនាមជាក្រុមខ្លាំង និងរឹងមាំមួយ លោកមានកីឡាករគ្រប់គ្រាន់ ដើម្បីផ្លាស់ប្ដូរគ្នាលេង ។ ដូច្នេះលោករំពឹងថា កូនក្រុមខ្លួននឹងធ្វើបានល្អក្នុងការប្រកួតដ៏សំខាន់

នេះជាលើកទី៤ ហើយ ដែលភ្នំពេញក្រោន បានឡើងវគ្គផ្ដាច់ព្រ័ត្រក្នុងប្រវត្តិពាន Hun Sen Cup បន្ទាប់ពីខកខានអស់រយៈពេល ១៤ឆ្នាំ ហើយក៏ជាលើកទី២ ដែលក្រុមភ្នំពេញក្រោន ត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង នៅវគ្គផ្ដាច់ព្រ័ត្រផងដែរ បន្ទាប់ពីក្រុមទាំងពីរ បានជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រលើកដំបូងរៀងៗខ្លួន កាលពីឆ្នាំ២០០៨ ដោយលទ្ធផលគ្រានោះ ភ្នំពេញក្រោន បានយកឈ្នះព្រះខ័នរាជស្វាយរៀង ១-០ ។ មុនជួបគ្នាដណ្ដើមពានយប់នេះ ព្រះខ័នរាជស្វាយរៀង ធ្លាប់គ្រងជើងឯក ៤ដងមកហើយ គ្រាដែលភ្នំពេញក្រោន ក៏ធ្លាប់លើកពាន ២ដងផងដែរ ៕