(ក្រុងឡុងដ៍)៖ បណ្តាក្លិបលេងនៅក្របខណ្ឌលីគកំពូលអង់គ្លេស Premier League បច្ចុប្បន្នមានគម្រោងធ្វើវិសោធនកម្មច្បាប់ចាយវាយ ដែលនឹងលើកមកនិយាយគ្នាក្នុងសមាជប្រចាំឆ្នាំនាអំឡុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

គិតមកទល់ពេលនេះមាន ១៦ក្លិបហើយដែលបានព្រមព្រៀងក្នុងកែប្រែច្បាប់ថ្មី នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចសកល និងតម្រូវការហិរញ្ញវត្ថុមានការកើនឡើង។

ស្តង់ដារច្បាប់ហិរញ្ញវត្ថុថ្មីនេះដែរ នឹងលើកយកទៅជជែកគ្នាក្នុងសមាជប្រចាំឆ្នាំរបស់ Premier League នាអំឡុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខ ហើយប្រសិនបើជោគជ័យមែននោះ នឹងដាក់ឱ្យដាក់ដំណើរការចាប់ពីរដូវកាលឆ្នាំ២០២៥-២០២៦ តទៅផងដែរ។

កាលពីថ្ងៃចន្ទម្សិលមិលនេះដែរ មានក្លិបធំ២ Manchester United និង Manchester City រួមទាំង Aston Villa បានចេញមកប្រឆាំងទៅនឹងគំនិតផ្តួចផ្តើមថ្មីនេះ គ្រាដែលតោខៀវ Chelsea បានប្រកាសគាំទ្រ។

ស្ថិតក្រោមច្បាប់ហិរញ្ញវត្ថុលីគបច្ចុប្បន្ន ក្លិបស្ករគ្រាប់ Everton និង Nottingham Forest ត្រូវបានកាត់ ៨ពិន្ទុ និង ៦ពិន្ទុនារដូវកាលនេះ បន្ទាប់ពីប្រទះនូវការខាតបង់ទឹកប្រាក់លើសដែនកំណត់របស់ Premier League ក្នុងរយៈពេល ៣រដូវកាលជាប់ៗគ្នា ដែលជាធម្មតាមិនឱ្យលើសពី ១០៥លានផោន ស្មើនឹង ១៣២លានដុល្លារឡើយ។

ចំណែកឯនៅក្នុងបញ្ញត្តិរបស់សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA វិញបានចែងថា បណ្តាក្លិបនីមួយៗគឺមិនឱ្យចាយលុយលើសពី ៩០% នៃប្រាក់ចំណូលដែលរកបានពីការប្រកួតឡើយ និងមានគម្រោងបន្ថយមិនឱ្យចាយលើសពី ៧០%ផងដែរ គិតចាប់ពីរដូវកាលឆ្នាំ២០២៥-២០២៦ តទៅទៀតផង៕