(ភ្នំពេញ)៖ កាលពីថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ ដោយមានការសហការឧបត្ថម្ភធំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ អាយ.អេ.អឹម.អេ កម្ពុជា បានចំការប្រកួតការគិតលេខរហ័ស និងគណិតវិទ្យារហ័ស អាយ.អេ.អឹម.អេ ថ្នាក់ជាតិ លើកទី២ ដែលធ្វើឡើងនៅសាលពហុបំណង CKCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រកួតប្រជែងនេះ មានការចូលរួមពីសិស្សានុសិស្សចំនួន៣៦៦នាក់។

ជាលទ្ធផលពីការប្រកួតប្រជែងថ្នាក់ជាតិលើកទី២នេះ បេក្ខជនជ័យលាភីទទួលបានពានរង្វាន់ចំនួន ៥០ គ្រឿង និងមេដាយកិត្តិយសចំនួន ២៤៦ គ្រឿង។ នៅក្នុងនោះផងដែរ គណៈកម្មការរៀបចំការប្រឡងអន្តរជាតិ ជ្រើសរើសបានកុមារឆ្នើមតំណាងកម្ពុជាចំនួន ៣៦នាក់ ដើម្បីទៅចូលរួមប្រកួតប្រជែងការគណនាលេខរហ័ស និងគណិតវិទ្យារហ័សអន្តរជាតិ ដែលនឹងធ្វើឡើងនៅទីក្រុងហុង នាខែសីហាខាងមុខនេះ។

គួបញ្ជាក់ផងដែរថាការរៀបចំការប្រលងថ្នាក់ជាតិនេះ អាយ.អេ.អឹម.អេ កម្ពុជា មិនមែនមានគោលដៅត្រឹមតែ ជ្រើសសិស្សឆ្នើមទៅចូលរួមការប្រកួតលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែអាយ.អេ.អឹម.អេ កម្ពុជា មានវត្ថុបំណងយ៉ាងមុតមាំសម្បើមពីរ៖ ទី១ គឺការជួយជំរុញដោយប្រយោលបន្ថែមលើការអភិវឌ្ឍន៍ភាពឆ្លាតវៃរបស់កុមារ ដោយការរំញោចខួរក្បាលទាំងសងខាង និងការបង្កើតកោសិកាខួរក្បាលថ្មី តាមរយៈការអនុវត្តលំហាត់គណនាលេខរហ័ស និងគណិតវិទ្យារហ័សរបស់កម្មវិធីសិក្សា អាយ.អេ.អឹម.អេ ជាប្រចាំ។ ទី២ ការត្រៀមខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រឡងការគណនាលេខរហ័ស និងគណិតវិទ្យារហ័ស អន្តរជាតិ នាឆ្នាំ២០២៦ ឬ២០២៧ ខាងមុខនេះ ដែលរំពឹងថានឹងមានកុមារមកពីជុំវិញពិភពលោក មិនតិចជាង ១,៥០០នាក់ ដើម្បីមកចូលរួមប្រកួតប្រជែងនៅព្រះរាជាណាចក្រកម្ពុជា។

សម្រាប់កម្មវិធីប្រគល់ពានរង្វាន់ ក្រោមធិបតីយភាព លោក គាត រង្សី សមាជិកគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងនាយកកម្មវិធីកសាងអង្គការមហាជន លោកបានដឹកនាំកម្មវិធីប្រគល់ពានរង្វាន់ រង្វាន់ និងមេដាយមាស ដល់ម្ចាស់ជ័យលាភី ដែលញ៉ាំងឱ្យបរិយាសទាំងមូលពោរពេញដោយស្នាមញញឹមសាទរពីសំណាក់សិស្សានុសិស្ស និងអាណាព្យាបាលគ្រប់ៗគ្នា៕