(បរទេស)៖ ខណៈទូរស័ព្ទដៃជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple គឺត្រកូល iPhone 16 គ្រោងបញ្ចេញនាពេលឆាប់ៗខាងមុខនោះ នៅពេលនេះមានប្រភពបែកធ្លាយជាច្រើនពីរូបរាងផ្លាស់ប្តូរ និងការឌីហ្សាញ់របស់វា។ អ្វីដែលកត់សម្គាល់ខ្លាំង ទៅលើការឌីស្សាញនៃស្មាតហ្វូនថ្មីនេះ គឺទៅលើ iPhone 16 និង 16 Plus ដែលស្មាតហ្វូននេះ មានការផ្លាស់ប្តូរថ្មីទៅលើទម្រង់នៃកាមេរ៉ា។ សម្រាប់ម៉ូដែល Pro គឺមិនមានការផ្លាស់ប្តូរច្រើននោះទេ ទៅលើការឌីស្សាញរូបរាង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena។

តាមប្រភពបែកធ្លាយបានបង្ហាញថា មានការកែប្រែទៅលើទំហំនៃអេក្រង់ប៉ុណ្ណោះ។ និយាយពីស្មាតហ្វូន iPhone 16 Pro Max វិញ ត្រូវបានគេទម្លាយថា មានអេក្រង់ទំហំ 6.9-អ៊ីង ធំជាងជំនាន់មុន។ បើធៀបជាមួយនឹងស្មាតហ្វូន iPhone 15 Pro Max គឺមានអេក្រង់ទំហំត្រឹមតែ 6.7-អ៊ីងប៉ុណ្ណោះ។ ចំពោះស្មាតហ្វូន iPhone 16 Pro ត្រូវបានគេទម្លាយថា នឹងមានអេក្រង់ធំជាងមុនគឺ 6.3 អ៊ីង ប្រៀបធៀបជាមួយនិងអេក្រង់ស្មាតហ្វូន iPhone 15 Pro ទំហំ 6.1 អ៊ីង គឺមានការកើនឡើងពី 0.2 អ៊ីង។ ក្រឡេកមកមើលស្មាតហ្វូន iPhone 16 និង 16 Plus គឺមានអេក្រង់នៅដដែល គឺមានទំហំ 6.1 អ៊ីង និង 6.7 អ៊ីង។

ទោះជាយ៉ាណាក៏ដោយ ទាំងនេះគឺគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ សម្រាប់ព័ត៌មានច្បាស់លាស់យ៉ាងណានោះ យើងអាចនឹងឃើញនៅពេល ក្រុមហ៊ុន Apple បង្ហាញវត្តមាស្មាតហ្វូន iPhones ថ្មីនេះនៅក្នុងខែកញ្ញាខាងមុខនេះ៕