(ក្រុងឡុងដ៍)៖ Ipswich Town បានរំកិលទៅកាន់តំណែងលេខ២ ក្នុងតារាងពិន្ទុនៅក្របខណ្ឌទី២ Championship បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះ Coventry City ២-១ នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

តាមរយៈជ័យជម្នះក្រៅដីនេះដែរ ញាំងឱ្យពួកគេត្រូវការត្រឹមស្មើប៉ុណ្ណោះ ពេលប៉ះក្រុមកំពុងត្រដាបត្រដួស Hudderfield Town នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីបិទរដូវកាលឆ្នាំ២០២៣-២០២៤ ដ៏ពេញលេញ ក្នុងការវិល ទៅលេងក្នុងលីគកំពូលអង់គ្លេស Premier League វិញ ក្រោយរង់ចាំអស់ ២២ឆ្នាំ។

ក្នុងប្រកួតប្រចាំសប្តាហ៍ទី៤៥ ជើងទី២ របស់ Ipswich នាយប់មិញនេះដែរ កីឡាករ Kieffer Moore ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៦៩ ដែលជាគ្រាប់បាល់ទី៧ របស់គេផងដែរ ក្នុងនាមកីឡាករខ្ចីជើងពីក្លិប AFC Bournemouth នៅថ្ងៃបិទទីផ្សារដោះដូរ បន្ទាប់ពី Wright រកបានគ្រាប់តាមស្មើ ១-១ សម្រាប់ម្ចាស់ផ្ទះនៅនាទី៦៤។

តាមរយៈលទ្ធផលនេះដែរ បានធ្វើឱ្យ Ipswich Town មាន ៩៣ពិន្ទុ នាំមុខក្រុមលេខ៣ Leeds United ដែលមាន ៩០ពិន្ទុ នៅសល់ ១ប្រកួតដូចគ្នា មុនពេលបិទរដូវកាលនេះ ក្នុងការប្រជែងកៅអីស្វ័យប្រវត្តិទៅលេង Premier League នារដូវកាលក្រោយ គ្រាដែល Leicester City យកបាន ១កៅអី និងឈ្នះពាន Championship រួចរាល់ដែរ៕