(ដតម៉ាន់)៖ ខ្សែបម្រើក្លិប Borussia Dortmund កីឡាករ Marcel Sabitzer និងខ្សែប្រយុទ្ធ Donyell Malen ទំនងជាសះស្បើយទាន់ពេលនៃការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអឺរ៉ុប Champions League ក្នុងការធ្វើម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Paris Saint Germain នៅរាត្រីនេះ។ នេះបើតាមសម្តីគ្រូបង្វឹក Edin Terzic ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។

ក្រុមរបស់អាល្លឺម៉ង់ Dortmund នឹងមានវត្តមានកីឡាករ Emre Can និងមិត្តរួមក្រុម Ian Maatsen វិលត្រឡប់មកវិញ ស្របពេលកីឡាករ Sabitzer ដែលបានអវត្តមានជាច្រើនថ្ងៃ ដោយសារមានជំងឺ និងកីឡាករអន្តរជាតិហូឡង់ Malen បានជាសះស្បើយពីរបួសវិញ ក្រោយរងរបួស ក្នុងការបំពេញតួនាទីនៅជម្រើសជាតិកាលពីខែមុន ខណៈពួកគេបានវិលត្រឡប់ចូលហ្វឹកហាត់វិញដែរ។

«Sabitzer និង Dalen ពួកគេទាំងពីរបានចូលហ្វឹកហាត់វិញ។ យើងរំពឹងថា ពួកគេនឹងស្ថិតក្នុងក្រុមរបស់ពួកយើងសម្រាប់ថ្ងៃនេះ»។ នេះបើតាមសម្តីលោក Terzic បានលើកឡើងក្នុងសន្និសីទ។

Dortmund អតីតជើងឯករង UCL កាលឆ្នាំ២០១៣ បានជួបភាពត្រដាបត្រដួសក្នុងលីគ Bundesliga រដូវកាលនេះ ហើយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរដោយបានចាញ់ ៤-១ ក្រោមថ្វីជើង RB Leipzig ធ្វើឱ្យពួកគេបន្តឈរនៅចំណាត់ថ្នាក់ទី៥ ដ្បិតនៅ ៣ប្រកួតទៀត មុនបិទរដូវកាលនេះ៕