(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានប្រកាសការដាក់ដំណើរការនៃការតាំងពិព័រណ៍ទេសចរណ៍ ដែលបានប្រព្រឹត្តទៅនៅផ្សារទំនើប អ៉ីអន ម៉ល ភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤តទៅ ព្រឹត្តិការណ៍នេះដែរបានផ្ដល់ជូននូវការបញ្ចុះតម្លៃពិសេសៗដែលមិនដែលមានពីមុនមក ទៅលើជើងហោះហើរទាំងក្នុង និងក្រៅស្រុក ដើម្បីផ្ដល់ឱកាសដល់ប្រជាជនកម្ពុជាបានហោះហើរទៅកាន់គោលដៅក្នុងក្ដីស្រមៃរបស់ពួកគាត់ក្នុងតម្លៃដ៏សមរម្យបំផុត។

ពិព័រណ៍ទេសចរណ៍នេះ ប្រព្រឹត្តឡើងក្នុងគោលបំណងដើម្បីបង្កើនភាពទាក់ទាញ និងចំណាប់អារម្មណ៍នៅក្នុងសហគមន៍ទេសចរណ៍ ព្រមទាំងជួយលើកស្ទួយដល់កំណើននៃវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាផងដែរ។ ជាមួយគ្នានេះអ្នកចូលរួមមិនត្រឹមតែអាចរីករាយជាមួយនឹងការផ្ដល់ជូនជើងហោះហើរក្នុងតម្លៃពិសេសប៉ុណ្ណោះទេ តែថែមទាំងអាចចូលរួមលេងហ្គេមសប្បាយៗ ទស្សនាការសម្ដែងពិសេសៗ និងមានឱកាសឈ្នះរង្វាន់ជាទីគាប់ចិត្តជាច្រើនទៀតផង។

ស្របតាមការប្ដេជ្ញារបស់ក្រុមហ៊ុន អ៊ែរ អេស៊ា ដើម្បីផ្ដល់ជូននូវជម្រើសនៃការធ្វើដំណើរក្នុងតម្លៃសមរម្យ ពិព័រណ៍ទេសចរណ៍នេះនឹងមាននូវប្រូម៉ូសិនពិសេសៗផ្ដាច់គេលើជើងហោះហើរក្នុងស្រុក ជាមួយនឹងតម្លៃចាប់ពី ២៧$ ក្នុងមួយជើង ទៅតំបន់ទេសចរណ៍សំខាន់ៗដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

ចំពោះអតិថិជនដែលមានចំណាប់អារម្មណ៍ចង់ធ្វើដំណើរទៅក្រៅប្រទេស ជើងហោះហើរអន្ដរជាតិទៅកាន់ទីក្រុងកូឡាឡាំពួរ និងបាងកក នឹងមានផ្ដល់ជូននូវតម្លៃសំបុត្រហោះហើរត្រឹមតែ ៧៥$ ប៉ុណ្ណោះក្នុងមួយជើង ដែលស្ដែងឱ្យឃើញថា នេះជាឱកាសដ៏កម្រមានពីមុនមកសម្រាប់អ្នកទេសចរដែលចង់ស្វែងយល់ពីវប្បធម៌ និងរុករកបទពិសោធថ្មីៗនៅក្រៅប្រទេស។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន អ៊ែរ អេស៊ា ខេមបូឌា បានឱ្យដឹងថា ការរៀបចំពិព័រណ៍ទេសចរណ៍លើកដំបូងដែលមិនធ្លាប់មានរបស់យើងនៅក្នុងរាជធានីភ្នំពេញនេះ នឹងផ្ដល់ជូននូវការបញ្ចុះតម្លៃ និងឱកាសដ៏ពិសេសដល់អតិថិជនដ៏មានតម្លៃ។ ព្រឹត្តិការណ៍នេះបញ្ជាក់ពីការយកចិត្តទុកដាក់ក្នុងការផ្តល់ជូននូវបទពិសោធធ្វើដំណើរប្រកបដោយភាពងាយស្រួល និងក្នុងតម្លៃដ៏សមរម្យបំផុតសម្រាប់គ្រប់គ្នា។ មិនថាលោកអ្នកកំពុងស្វែងរកដំណើរកម្សាន្តក្នុងប្រទេសកម្ពុជា ឬទៅកាន់គោលដៅដែលលោកអ្នកប្រាថ្នានៅក្រៅប្រទេសនោះទេ ពិព័រណ៍ទេសចរណ៍នេះ ប្រៀបបានដូចជាលិខិតឆ្លងដែនមួយទៅកាន់តំបន់ទេសចរណ៍សំខាន់ៗដែលមិនអាចបំភ្លេចបាន។

លោក ណម វិស្សុត បានបន្ថែមថា ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ ក្នុងការផ្តល់បទពិសោធធ្វើដំណើរក្នុងតម្លៃដ៏សមរម្យបំផុតនៅក្នុងតំបន់ អ៊ែរ អេស៊ា ប្ដេជ្ញាជំរុញវិស័យទេសចរណ៍ និងតភ្ជាប់លោកអ្នកទៅកាន់ប្រទេសដទៃទូទាំងអាស៊ាន។ ដោយមានការគាំទ្រពីដៃគូសហការណ៍ជាច្រើន យើងជឿជាក់ថា ការតាំងពិព័រណ៍ទេសចរណ៍ អ៊ែរ អេស៊ា នៅរាជធានីភ្នំពេញនេះនឹងទទួលបានភាពជោគជ័យយ៉ាងខ្លាំង។

ក្រុមហ៊ុន អ៊ែរ អេស៊ា មានជើងហោះហើរទៅកាន់គោលដៅសំខាន់ៗចំនួន៥ គឺប្រទេសកម្ពុជា កូឡាឡាំពួរ បាងកក និងហ្សាកាតា ដែលមានជើងហោះហើរចំនួន ៦៣ដងក្នុងមួយសប្ដាហ៍។ សម្រាប់ការហោះហើរក្នុងស្រុក ក្រុមហ៊ុនអាកាសចរណ៍នេះមានជើងហោះហើរទៅកាន់រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជារៀងរាល់ថ្ងៃផងដែរ។ ការផ្តល់ជូនប្រូម៉ូសិននេះអាស្រ័យលើចំនួនមានក្នុងស្តុក និងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕