(បរទេស)៖ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla បានធ្លាក់ចុះជិត ៦% នៅថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីមានព័ត៌មានថា នាយកប្រតិបត្តិ លោក Elon Musk គ្រោងកាត់បន្ថយការងារបន្ថែមប្រមាណ៥០០នាក់ នៅក្នុងក្រុម Supercharger។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។

យោងតាម The Information បានឲ្យដឹងថា លោក Musk បានផ្ញើអ៊ីមែលទៅអ្នកគ្រប់គ្រងនៅ Tesla ពេញមួយយប់ដោយប្រកាសពីការចាកចេញរបស់បុគ្គលិកសំខាន់ៗ រួមទាំងនាយកជាន់ខ្ពស់នៃក្រុមហ៊ុន EV Charging លោកស្រី Rebecca Tinucci និងនាយកកម្មវិធីរថយន្ត ឈ្មោះ Daniel Ho ។ នៅក្នុងអ៊ីមែល លោក Musk ក៏បានសម្តែងការព្រួយបារម្មណ៍ផងដែរ ចំពោះការគ្រប់គ្រងរបស់ក្រុមហ៊ុន Tesla។

បុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិករបស់ Tesla បានប្រាប់ CNBC ថា Tesla បានចាប់ផ្តើមបញ្ឈប់បុគ្គលិកមួយចំនួននៅដើមខែមករា ជាមួយនឹងការកាត់បន្ថយយ៉ាងច្រើនទៀត នៅក្នុងខែនេះ។ ពួកគេបាននិយាយថា បុគ្គលិកមួយចំនួន ដែលគិតថាការងាររបស់ពួកគេមានសុវត្ថិភាពនោះ បាននឹងកំពុងតែទទួលការជូនដំណឹង អំពីការបញ្ចប់ការងារនៅថ្ងៃសុក្រ និងថ្ងៃអង្គារនេះ។

គួរជម្រាបថា ការបញ្ឈប់ការងារនៅពេលនេះ គឺជាផ្នែកមួយនៃវិធានការកាត់បន្ថយការចំណាយដ៏ធំដោយក្រុមហ៊ុន Tesla បន្ទាប់ពីការធ្លាក់ចុះនៃប្រាក់ចំណូល ៩% នៅក្នុងត្រីមាសទីមួយឆ្នាំនេះ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីឆ្នាំ២០១២។ ប្រាក់ចំណេញត្រូវបានកាត់បន្ថយពាក់កណ្តាលក្នុងអំឡុងពេលបីខែដំបូង៕