(ឡុងដ៍)៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur ដែលគ្មានរួចទៅហើយនូវខ្សែការពារ Destiny Udogie នោះ ត្រូវដោះស្រាយបញ្ហាថ្មីមួយទៀត ខណៈខ្សែការពារ Ben Davies ក៏នឹងត្រូវអវត្តមានរហូតដល់ចប់រដូវកាលនេះ ដោយសាររបួសកំភួនជើង។ នេះបើតាមសម្តីអ្នកចាត់ការ Ange Postecoglou ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។

ក្លិបដែលស្ថិតនៅលេខ៥ ក្នុងលីគនៅតែប្រកាន់ភ្ជាប់នូវការតស៊ូ ដើម្បីបញ្ចប់ក្នុងតំណែង Top-4 នៅ Premier League។ ពួកគេមាន ៦០ពិន្ទុ និងដាច់ ៧ពិន្ទុពីក្រោយ Aston Villa នៅសល់ ២ប្រកួតទៀតក្នុងការប្រជែងយកកៅអី សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ Champions League រដូវកាលក្រោយ។

ជាមួយគ្នានោះខ្សែប្រយុទ្ធ Timo Werner បានអវត្តមានសម្រាប់ការធ្វើដំណើរនៅថ្ងៃព្រហស្បតិ៍ ទៅជួបអតីតក្លិបរបស់លោក Chelsea ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៩ និងដាច់ ១២ពិន្ទុ ពីក្រោយក្លិប Spurs។

Werner វ័យ ២៨ឆ្នាំ សញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងខកខានការប្រកួតដែលនៅសល់ ក្នុងរដូវកាលនេះ បន្ទាប់ពីបានរងរបួស ក្នុងជំនួបជាមួយកាំភ្លើងធំ Arsenal កាលពីថ្ងៃអាទិត្យ។

«Timo មានរបួសសរសៃពួរ ដោយនឹងត្រូវខកខានការប្រកួត ដែលនៅសេសសល់ក្នុងរដូវកាលនេះ»។ អ្នកចាត់ការសញ្ជាតិអូស្ត្រាលីបានប្រាប់អ្នកសារព័ត៌មាន។

លោកបានបន្ថែមថា «Ben Davies រងរបួសកំភួនជើង ក្នុងការប្រកួតជាមួយក្លិប Arsenal ហើយគាត់នឹងខកខានការប្រកួតដែលនៅសេសសល់ក្នុងរដូវកាលនេះដូចគ្នា»៕