(បរទេស)៖ គណៈកម្មការទំនាក់ទំនងសហព័ន្ធ (FCC) បាននិយាយថា ជិត ៤០ភាគរយនៃក្រុមហ៊ុនទូរគមនាគមន៍អាមេរិក ដែលទទួលបានការគាំទ្រពីសហព័ន្ធ ត្រូវការថវិកាបន្ថែមពីរដ្ឋាភិបាលដើម្បីដកឧបករណ៍ ក៏ដូចជាបច្ចេកវិទ្យាដែលផលិតដោយក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei និង ZTE ចេញពីបណ្តាញឥតខ្សែរបស់អាមេរិក ដើម្បីដោះស្រាយហានិភ័យសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

FCC បានឱ្យដឹងថា ការដកឧបករណ៍របស់ចិននេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយអស់ ៤.៩៨ពាន់លានដុល្លារ ប៉ុន្តែសភាអនុម័តបានត្រឹមតែ ១.៩ពាន់លានដុល្លារប៉ុណ្ណោះសម្រាប់កម្មវិធី «ដកចេញ និង ជំនួស» ដែលធ្វើថវិកាដែលត្រូវចំណាយហាក់មានគម្លាតពីគ្នាខ្លាំង។ ពាក់ព័ន្ធនឹងស្នើសុំនេះ កាលពីខែតុលាឆ្នាំ២០២៣ កន្លងទៅ សេតវិមានក៏ធា្លប់បានប្រកាសរកជំនួយចំនួន ៣.១ពាន់លានដុល្លារបន្ថែមទៀត ដើម្បីផ្តល់មូលនិធិបន្ថែមលើការដកឧបករណ៍ដែលផលិតដោយក្រុមហ៊ុនទូរគមនាគមន៍យក្សចិនផងដែល ប៉ុន្តែសភាមិនបានធ្វើសកម្មភាពនោះទេ។

គួរជម្រាបថា នាពេលថ្មីៗនេះ ប្រធាន FCC លោកស្រី Jessica Rosenworcel បានអំពាវនាវជាថ្មីដល់សភាអាមេរិកសម្រាប់ផ្តល់មូលនិធិបន្ថែមជាបន្ទាន់ ដើម្បីការពារការបិទបណ្តាញដែលមានសក្តានុពល និងធានាការដកឧបករណ៍ដែលផលិតដោយចិនចេញពីបណ្តាញអាមេរិក។ តែយ៉ាងណាមកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបពីសភាអាមេរិកនៅឡើយនោះទេ៕