(បរទេស)៖ ទោះបីទើបឈានជើងចូលវិស័យរថយន្តអគ្គិសនីក៏ដោយ Xiaomi ត្រូវបានគេមើលឃើញថា ហាក់ទទួលជោគជ័យខ្លាំងលើការលក់រថយន្តរបស់ខ្លួន ដោយទាញបានចំណាប់អារម្មណ៍អ្នកប្រើប្រាស់រថយន្តជាច្រើន ខណៈចំនួនបញ្ជារទិញហក់ឡើងខ្ពស់លើសការរំពឹងទុក។ ពេលនេះបានរបាយការណ៍មកថា ការចេញលក់មួយខែដំបូង នៃរថយន្ត SU7 ក្រុមហ៊ុនបានធ្វើការនាំចេញទៅកាន់ដៃអតិថិជនបានចំនួន ៧,០៥៨ គ្រឿងហើយ ពោលគេនឹងបានឃើញរថយន្ត Xiaomi SU7 ធ្វើចរាចរណ៍នៅលើដងវិថីនានាក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Phan Droid។

នៅក្នុងសន្និសិទវិនិយោគិនមួយនាថ្មីៗនេះ Xiaomi ប្រកាសពីការកំណត់គោលដៅចែកចាយរថយន្ត SU7 ចំនួន ១០ម៉ឺនគ្រឿង សម្រាប់ឆ្នាំ២០២៤។ ដូចនេះ ការដឹកជញ្ជូនសម្រាប់ម៉ូដែលស្តង់ដារ និងម៉ូដែល Max នឹងចាប់ផ្តើមនៅចុងខែមេសា ខណៈដែលក្រុមហ៊ុន គ្រោងនឹងចាប់ផ្តើមដឹកជញ្ជូនម៉ូដែល Pro នៅចុងខែឧសភា។ Xiaomi បានបន្ថែមថា រោងចក្រផលិតរបស់ខ្លួន ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងការអភិវឌ្ឍន៍ នឹងត្រូវបញ្ចប់ជាពីរដំណាក់កាល បន្ថែមពីលើសមត្ថភាពផលិតប្រចាំឆ្នាំ ១៥ម៉ឺនគ្រឿងសម្រាប់ដំណាក់កាលទី១ និងដំណាក់កាលទី២។

សូមជម្រាបថា Xiaomi បានបោះទុនវិនិយោគរថយន្តផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួន នៅក្នុងទីក្រុងប៉េកាំង លើផ្ទៃដីសរុបចំនួន ៧២០,០០០ម៉ែត្រការ៉េ ដែលរោងចក្រនេះមានលទ្ធភាពក្នុងការផលិតរថយន្តដំណាក់កាលដំបូងបានចំនួន ១៥ម៉ឺនគ្រឿង ប៉ុន្តែ ដោយមានសន្ទុះតម្រូវការខ្លាំងមកលើរថយន្តរបស់ខ្លួន ក្នុងពេលនេះក្រុមហ៊ុនគ្រោងធ្វើការពង្រីកសង្វាក់ផលិតកម្មបន្ថែមទៀត ក្នុងពេលខាងមុខនេះ ដែលអាចបង្កើនបរិមាណផលិតបានដល់ ៣០ម៉ឺនគ្រឿងនៅក្នុងមួយឆ្នាំ៕