(មេនឆេស្ទើ)៖ Erling Haaland បន្ថែម ៤គ្រាប់ទៀត កើនដល់ ២៥គ្រាប់នៅក្នុងលីគកំពូលអង់គ្លេស Premier League សម្រាប់តំណែងស្បែកជើងមាសរដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។

៤គ្រាប់នេះដែរ កីឡាករអន្តរជាតិន័រវេសខាងរកបានក្នុងជំនួបដែលក្រុមមេឃខៀវ Manchester City បំបាក់គូប្រជែង Wolverhamton Wanderer ៥-១ នៅកីឡដ្ឋាន Etihad នាយប់មិញ ក្នុងប្រកួតទី៣៥ របស់ពួកគេតាមពីក្រោយក្រុមកំពូលតារាង កាំភ្លើងធំ Arsenal ត្រឹម ១ពិន្ទុប៉ុណ្ណោះ ដោយនៅសល់ ៣ប្រកួតក្នុងដៃ គ្រាដែលក្រុមរបស់លោក Mikel Arteta នៅសល់ត្រឹម ២ប្រកួត ដើម្បីឈ្នះជើងឯកលីគជាលើកទី៤ ជាប់ៗគ្នា។

គិតត្រឹមពេលនេះ Haaland នាំមុខគូប្រជែងសម្រាប់តំណែងស្បែកជើងមាស Golden Boot ដល់ទៅ ៥គ្រាប់ពីកីឡាករ Alexander Isak របស់ Newcastle United និង Cole Palmer របស់ Chelsea ដែលមាន ២០គ្រាប់ស្មើគ្នា ដ្បិតសារិកាព្រៃនៅសល់ ៣ប្រកួត ចំណែកឯតោខៀវវិញនៅសល់ ៤ប្រកួតក្នុងដៃច្រើនជាងគេ។

Haaland តែងតែរកបានច្រើនគ្រាប់ គិតចាប់តាំងពីចូលរួមជាមួយ Manchester City តួយ៉ាងរូបគេរកបាន ៥គ្រាប់ ២លើកផងដែរ ពេលមេឃខៀវបំបាក់ Luton Town នៅពាន FA Cup នាអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ និងបំបាក់ RB Leipzig ក្នុង UEFA Champions League កាលខែមីនាឆ្នាំទៅ។

គិតមកទល់នឹងពេលនេះដែរ Haaland ធ្វើបានហែតទ្រីក (៣គ្រាប់) មានចំនួន ៩លើកមកហើយជាមួយ Man City ដែលស្មើនឹង ៣៦គ្រាប់៕