(បរទេស)៖ ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកដំឡើងដ៏ធំបំផុតនៃទូរស័ព្ទ iPhone របស់ Apple បានប្រកាសជាថ្មីពីការរំពឹងទុកថា ប្រាក់ចំណូលក្នុងត្រីមាសទីពីរនឹងកើនឡើង ខណៈរាយការណ៍នៃការលក់ បានឈានដល់កំណត់ត្រាល្អមួយ សម្រាប់ខែមេសាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។

Foxccon បានបន្ថែមថា «ទស្សនវិស័យប្រតិបត្តិការសម្រាប់ត្រីមាសទី២ ត្រូវបានគេរំពឹងថា នឹងបង្ហាញទាំងកំណើនពីមួយត្រីមាសទៅមួយត្រីមាស និងពីមួយឆ្នាំទៅមួយឆ្នាំ»។ ទោះយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់លម្អិតទេ ហើយក្រុមហ៊ុនក៏មិនបានផ្តល់តួលេខច្បាស់លាស់ពីការំពឹងទុករបស់ខ្លួនដែរ។

ក្រុមហ៊ុននេះបាននិយាយថា ប្រាក់ចំណូលខែមេសា ឈានដល់ ១៥.៨៣ពាន់លានដុល្លារ ដែលជាតួលេខខ្ពស់បំផុតក្នុងកំណត់ត្រាសម្រាប់រយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយតំណាងឱ្យការកើនឡើង ១៩% ក្នុងមួយឆ្នាំ។ ការកើនឡើងនេះ ត្រូវបានគេមើលឃើញថា គាំទ្រដោយផលិតផលអេឡិចត្រូនិកឆ្លាតវៃ រួមទាំងស្មាតហ្វូន និងតម្រូវការម៉ាស៊ីន AI ក៏ដូចជាផលិតផល cloud ជាដើម៕