(ភ្នំពេញ)៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានគូសបញ្ជាក់ថា ទម្រាំទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍វាយកូនបាល់កម្រិតពិភពលោក Davis Cup មិនមែនជារឿងសាមញ្ញនោះទេ ពោលគឺបានឆ្លងកាត់ឧបសគ្គជាច្រើន ពិសេសលក្ខខណ្ឌដ៏តឹងរឹងរបស់សហព័ន្ធកីឡាវាយកូនបាល់អន្ដរជាតិ(ITF) ។

ការលើកឡើងនេះ បន្ទាប់ពីកម្ពុជា បានទទួលសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវាយកូនបាល់ប្រចាំតំបន់អាស៊ី/អូសេអានី កម្រិត៤ (Davis Cup Asia/Oceania Group IV) ឆ្នាំ២០២៤ ជាលើកដំបូងក្នុងប្រវត្តិសាស្ដ្រ នាខែកក្កដាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាវាយកូនបាល់អាស៊ី(ATF) និង ITF កាលពីថ្មីៗ ។

មន្ដ្រីជាន់ខ្ពស់សហព័ន្ធរូបនេះថា ការប្រកួត Davis Cup ប្រៀបដូចជាការប្រកួត World Cup ផ្នែកកីឡាវាយបាល់មួយ ដែលមានប្រទេសជាច្រើន បានស្នើសុំចង់ធ្វើម្ចាស់ផ្ទះ ហើយមានលក្ខខណ្ឌជាច្រើន ដែលបណ្ដាប្រទេសសមាជិកត្រូវបំពេញ ពិសេសលើការងាររដ្ឋបាល និងការទំនាក់ទំនង ជាក់ស្ដែងកម្ពុជាបានប្រើពេលរហូតដល់ជាង ៣ឆ្នាំ ទម្រាំទទួលបានជោគជ័យ នៃការធ្វើម្ចាស់ផ្ទះខាងលើ ។

លោកបន្ដថា «ការងារនេះ គឺជាការងារមួយដ៏លំបាក ដោយសារគេមានលក្ខខណ្ឌច្រើនណាស់ មុនគេផ្ដល់សិទ្ធធ្វើម្ចាស់ផ្ទះមួយៗ ហើយពួកយើងក៏បានឆ្លងកាត់ការលំបាកច្រើនដែរ ប៉ុន្ដែខ្ញុំមានក្រុមការងារមួយ ដែលបានខិតខំប្រឹងប្រែង និងរៀបចំនូវសំណើរឯកសារផ្សេងៗទៅកាន់ ITF ទើបយើងទទួលបានជោគជ័យ ដែលគ្រួសារកីឡាវាយកូនបាល់ និងពលរដ្ឋកម្ពុជា គួរតែមានសេចក្ដីរីករាយ និងមោទនភាពទាំងអស់គ្នា» ។

អគ្គលេខាធិការសហព័ន្ធដដែលបន្ថែមថា សហព័ន្ធបានត្រៀមកីឡាករ ៦រូប ក្នុងនោះនឹងចម្រាញ់យកកីឡាករឆ្នើមចុងក្រោយ ៥រូប សម្រាប់ចូលរួមប្រកួត Davis Cup Asia / Oceania Group IV Playoff ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខ ហើយក្នុងនាមសហព័ន្ធ និងជាប្រធានក្រុមកម្ពុជាផង លោកបានដាក់ក្ដីសង្ឃឹមលើសពី ១០០% ដើម្បីប្រជែងកៅអីកម្រិត ៣ ត្រឡប់មកវិញ ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍វាយកូនបាល់កម្រិតពិភពលោកឆ្នាំនេះ ។

គួរដឹងថា ព្រឹត្តិការណ៍ Davis Cup Asia / Oceania Group IV Playoff នៅកម្ពុជា នាខែកក្កដាខាងមុខ គឺមានអត្តពលិក ៨ប្រទេសចូលរួម រួមមានក្រុមកីឡាវាយកូនបាល់ មកពីប្រទេសគុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន អ៊ីរ៉ាក់ មីយ៉ាន់ម៉ា ស្រីលង្កា កាតា, អារ៉ាប់ប៊ីសាអូឌីត និងក្រុមម្ចាស់ផ្ទះកម្ពុជា ។ មុនទទួលរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ កម្ពុជាក៏ធ្លាប់មានបទពិសោធន៍ និងជោគជ័យក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងជើងឯកយុវជនអាស៊ី ឆ្នាំ២០២៣ ផងដែរ ៕