(បរទេស)៖ របាយការណ៍ពី Electric បានបង្ហាញថាក្រុមហ៊ុនយក្ស Tesla បានបញ្ឈប់បុគ្គលិកបន្ថែមទៀតក្នុងសប្តាហ៍នេះ ដែលរួមមានផ្នែក software, service និង engineering (វិស្វករ)។ ការបញ្ឈប់នេះ ត្រូវបានគេឱ្យដឹងថា បន្ទាប់ក្រុមហ៊ុនផលិតរថយន្ត ដែលដឹកនាំដោយកំពូលមហាសេដ្ឋី Elon Musk បានរំសាយនាយកដ្ឋានសាកថ្មរថយន្តអគ្គិសនីរបស់ខ្លួន នឹងក្រោយការប្រកាសបញ្ឈប់បុគ្គលិកប្រមាណ ១០ភាគរយទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ពី Electric ដដែលបានឱ្យដឹងទៀតថា បុគ្គលិកដែលរងការបញ្ឈប់ក្នុងជុំនេះ បានទទួលអ៊ីមែលកាលពីចុងសប្តាហ៍មុន។ ជាងនេះទៅទៀតកាលពីខែមេសាកន្លងទៅ ក្រុមហ៊ុនយក្សនេះ ក៏បានក្រើនរំលឹកផងដែលថា ខ្លួននឹងបញ្ឈប់បុគ្គលិកជាង ៦,៧០០នាក់បន្ថែមទៀត នៅទូទាំងទីតាំងរបស់ខ្លូនក្នុងរដ្ឋតិចសាស់ កាលីហ្វ័រញ៉ា ណេវ៉ាដា និងញូវយ៉ក។

គួរជម្រាបថា Tesla បានស្ថិតនៅក្រោមសម្ពាធពីការធ្លាក់ចុះនៃការលក់ និងសង្រ្គាមតម្លៃកាន់តែខ្លាំង ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្ត ជាពិសេសក្រុមហ៊ុនចិន ដោយសារតែអត្រាការប្រាក់កើនឡើងខ្ពស់ បានធ្វើឱ្យអ្នកប្រើប្រាស់ងាកទៅប្រើរថយន្តអគ្គិសនីដូចគ្នា ដែលមានតម្លៃទាបជាង Tesla ជំនួសវិញ៕