(ភ្នំពេញ)៖ ថ្មីៗនេះកវីនិពន្ធ ខេមរៈ ភារុណ បានអបអរសាទរចំពោះបទចម្រៀង ២បទ របស់តារាចម្រៀង ខេមរៈ សិរីមន្ត ដែលល្បីខ្លាងបំផុតនារយៈពេលចុងក្រោយនេះ ដែលបទចម្រៀងទាំង២នេះ បានល្បីខ្ទរខ្ទារដល់ក្រៅប្រទេស ក្នុងនោះមានដូចជាបទ «Call Me Papa» និងបទ «ក្រមុំគ្រប់ខេត្តមួយណាក៏ជារបស់គេ» ដែលបានចេញនៅអំឡុងមុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ដែលបទចម្រៀងទាំង២បទនេះ មានអ្នកចូលទស្សនារាប់សែនដង ដោយសារតែបទចម្រៀងទាំង២នេះ ផលិតឡើងយ៉ាងសម្រិតសម្រាំង ចាក់ចំបេះដូងអ្នកគាំទ្រ។

កវិនិពន្ធលោក ខេមរៈ ភារុណ បានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនថា «សូមអបអរសាទរប្អូនប្រុសឧកញ៉ា ខេមរៈ សិរីមន្ត ដែលបទចម្រៀងពីរបទរបស់ប្អូននេះ​ បានគ្របដណ្ដប់គ្រប់ខេត្តក្រុង និងហៀរដល់ក្រៅប្រទេសផងដែរ នាពេលចូលឆ្នាំថ្មីៗនេះ។ ក្នុងនាមខ្ញុំជាអ្នកនិពន្ធ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះប្អូនប្រុស ដែលប្អូនអាចធ្វើបាននឹកស្មានមិនដល់ តាំងពីចំណុចចាប់ផ្ដើម ជាពិសេស គឺមកដល់ម៉ោងនេះ ប្អូនអាចរក្សារបានជាអ្នកចម្រៀងឈានមុខគេ និងឈរចំណុចខ្ពស់ជាគេបំផុត ក្នុងវិស័យចម្រៀងតាមជាក់ស្តែង ដែលប្អូនបានប្រឹងប្រែងក្នុងវិស័យចម្រៀង ដោយឆន្ទៈមោះមុតបំផុត ហើយអ្វីដែលសំខាន់ គឺយុត្តិធម៌ និងសច្ចៈធម៌ផងដែរ ដែលបងមើលឃើញដោយមិននិយាយលម្អៀងឡើយ!»

លោក ខេមរៈ ភារុណ បានបន្ថែមទៀតថា «បងនិយាយក្នុងនាមទស្សនិកជនតាមដានមួយរូប ក្នុងចំណោមបងប្អូនមហាជនជាច្រើនលាននាក់ទៀតដែរ ដែលបានមើលឃើញដូចបងមើលឃើញអ៊ីចឹងដែរ សូមគោរពអរគុណបងប្អូន ដែលបានគាំទ្រនូវបទចម្រៀងរបស់ប្អូនប្រុសខ្ញុំកន្លងមក និងមកដល់បច្ចុប្បន្ននេះ»

ដូចមហាជនដឹងស្រាប់ហើយថា លោក ខេមរៈ សិរីមន្ត ជាតារាចម្រៀងល្បីមួយរូបដែលមានស្នាដៃល្បីៗជាច្រើន។ ឆាប់ៗខាងមុខនេះ លោកត្រៀមនឹងចេញបទចម្រៀងថ្មីៗ សម្រាប់វាយលុកទីផ្សារជាបន្តបន្ទាប់ បន្ថែមទៀត៕