(បរទេស)៖ ប្រភពពីអ្នកវិភាគស្មាតហ្វូនដ៏ល្បីលោក Jeff Pu បានឱ្យដឹងថា នៅឆ្នាំក្រោយ Apple នឹងបង្ហាញពីការផ្លាស់ប្តូរដ៏ច្រើនបំផុតមិនធ្លាប់មាននៅលើត្រកូល iPhone 17 របស់ខ្លួន។ លោក Pu បានបញ្ជាក់ថា iPhone 17 នឹងចេញមកជាមួយនឹងរូបរាងឌីហ្សាញថ្មី ការកែលម្អកន្លែងបំពាក់កាមេរ៉ាខាងមុខ ស្នាម Dynamic Island តូចជាងមុន រួមទាំងប្តូរឈ្មោះម៉ូដែល «iPhone 17 Plus» ទៅ «iPhone 17 Slim» ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ 9To5Mac។

យោងតាមពាក្យចចាមអារ៉ាមថ្មីៗនេះបានបង្ហាញពីផ្លាស់ប្តូរមួយចំនួនរួមមាន៖

 អេក្រង់ ៖ លោក Pu បានឱ្យដឹងថា iPhone 17 ទាំង ៤ម៉ូដែល នឹងត្រូវបានបំពាក់ដោយទំហំអេក្រង់ដូចទៅនឹងម៉ូដែលមុនៗ រូមមាន iPhone 17 ទំហំ ៦.១អ៊ីញ, iPhone 17 Plus ជំនួសដោយ iPhone 17 Slim ទំហំ ៦.៦អ៊ីញ (ប៉ុន្តែមានការឌីហ្សាញអេក្រង់ និងរូបរាងស្តើងជាងមុន), iPhone 17 Pro ទំហំ ៦.៣អ៊ីញ និង iPhone 17 Pro Max ទំហំ ៦.៩អ៊ីញ។

 តួខ្លួន៖ ទាក់ទងនឹងការឌីហ្សាញលោក Pu បានបញ្ជាក់ថា iPhone 17, iPhone 17 Slim និង iPhone 17 Pro នឹងចេញមកជាមួយនឹងការរចនាតួអាលុយមីញ៉ូមដដែល ឬ «more complex»។ ទន្ទឹមនឹងនោះ iPhone 17 Pro Max នឹងនៅតែត្រូវបានផលិតចេញពីតួទីតាញ៉ូមដូចទៅនឹងម៉ូដែល iPhone 15 Pro Max ពីមុន ដោយឡែកវានឹងមានការផ្លាស់ប្តូរទៅលើទំហំ Dynamic Island ដោយ Apple នឹងបង្រួមវាកាន់តែតូចជាងមុន ឬ «narrowed Dynamic Island» ខណៈដែលម៉ូដែលទាំង ៣ផ្សេងទៀតនឹងនៅតែរក្សាទំហំ Dynamic Island បច្ចុប្បន្ន។

 កាមេរ៉ា៖ ទាំងប្រភពពីលោក Pu និងលោក Ming-Chi Kuo បានរាយការណ៍ដូចគ្នាថា ត្រកូល iPhone 17 ទាំង ៤ម៉ូដែលនឹងបន្ថែមកម្រិតភាពច្បាស់នៃកាមេរ៉ាមុខកាន់តែខ្លាំងជាងមុនជាមួយនឹងទំហំ ២៤មេហ្គាភិចស៊ែ ខណៈម៉ូដែល iPhone នាពេលបច្ចុប្បន្ននេះ កាមេរ៉ាមុខមានត្រឹមតែ ១២មេហ្គាភិចស៊ែតែប៉ុណ្ណោះ។

 បច្ចេកវិទ្យា៖ បច្ចុប្បន្ននេះ Apple កំពុងតែសិក្សាទៅលើបច្ចេកវិទ្យាថ្មីមួយមានឈ្មោះថា «metalens» ដែលត្រៀមបំពាក់នៅលើ iPhone 17 Pro Max ដែលវាមានសមត្ថភាពអាចឱ្យ Apple បង្រួម Dynamic Island បានតូចជាងមុន មិនត្រឹមតែប៉ុណ្ណោះវាថែមទាំងអាចកាត់បន្ថយទំហំ Face ID បានថែមទៀតផង។ យោងតាមរបាយការណ៍ពី Apple Insider នៅដើមសប្តាហ៍នេះ បានបង្ហាញថា មុខងារ Face ID និងកាមេរ៉ា បង្កប់ខ្លួនក្រោមអេក្រង់នឹងមាននៅលើ iPhone 18 Pro/ Pro Max ជាលើកដំបូងនៅឆ្នាំ២០២៦។

 ទំហំផ្ទុក និង បន្ទះឈីប៖ លោក Pu បានរាយការណ៍ថា iPhone 17 និង iPhone 17 Slim នឹងត្រូវបានបំពាក់ដោយបន្ទះឈីប A19 Chip រួមជាមួយទំហំ RAM កើនឡើងសដល់ ៨ជីហ្គាបៃ (8GB)។ ជាងនេះទៅទៀងចំពោះ iPhone 17 Pro និង iPhone 17 Pro Max វិញ Apple នឹងបង្កើនទំហំ RAM កើនឡើងដល់ ១២៨ជីហ្គាបៃ (128GB) ឯណោះ នឹងត្រូវបានបំពាក់ដោយបន្ទះឈីបស៊េរីទំនើប A19 Pro chip។

គួរជម្រាបថា បច្ចុប្បន្ន iPhone 15 និង iPhone 15 Plus មាន RAM ត្រឹមតែ 6GB ខណៈ iPhone 15 Pro និង iPhone 15 Pro Max មាន RAM 8GB ។ ជាមួយនឹងត្រកូល iPhone 16 នៅឆ្នាំនេះ Apple នឹងបង្រួបបង្រួមមក 8GB នៅទូទាំង iPhone ទាំង ៤ម៉ូដែលរបស់ខ្លួន។ តែយ៉ាងណា បើយោងតាមលោក Pu ការបែកធ្លាយនេះ នឹងត្រលប់មកវិញជាមួយនឹងត្រកូល iPhone 17 នៅឆ្នាំ២០២៥ ដោយ iPhone ទាំង ៤ម៉ូដែលនឹងប្រែរូបរាង រួមទាំងទំហំផ្ទុកកាន់តែធំជាងមុន៕