(បាងកក)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA នឹងផ្តើមការរៀបចំបោះឆ្នោតជ្រើសរើសប្រទេសម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ស្រ្តីពិភពលោក Women’s World Cup នៅឆ្នាំ២០២៧ ក្នុងសមាជប្រចាំឆ្នាំរបស់ខ្លួន ដែលនឹងធ្វើឡើងនៅប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ក្នុងសមាជលើកទី៧៤ (congress) របស់ FIFA ដែលនឹងធ្វើឡើងនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នាទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលរួមពី ២១១ប្រទេសសមាជិករបស់ខ្លួនផងនោះ ក៏បានបញ្ចូលរបៀបវារៈបោះឆ្នោតស្វែងរកប្រទេសម្ចាស់ផ្ទះបាល់ទាត់ស្រ្តីនៅ ៣ឆ្នាំខាងមុខផងដែរ។

បេក្ខជនប្រទេសម្ចាស់ផ្ទះតពីណូវែលហ្សេឡង់ និងអូស្រ្តាលី មានតែ ២បេក្ខភាពប៉ុណ្ណោះ គឺប្រទេសប្រេស៊ីល និងសហម្ចាស់ផ្ទះប៊ែលហ្សិក ហូឡង់ និងអាល្លឺម៉ង់ (BNG) ដែលបានឈានមកដល់ជុំផ្តាច់ព្រ័ត្រនេះ។

ក្នុងចំណោមនោះដែរ ប្រេស៊ីលដែលជាប្រទេសម្ចាស់ផ្ទះ World Cup 2014 ផ្នែកបុរស មានពិន្ទុខ្ពស់ជាងគូប្រជែងតាមរយៈការវាយតម្លៃជាបច្ចេកទេស ទាំងកីឡដ្ឋាន ការស្នាក់នៅ អ្នកគាំទ្រ និងប្រព័ន្ធដឹកនាំជញ្ជូននានា។ ប្រសិនបើបានសម្រេចមែន ប្រេស៊ីលនឹងក្លាយជាប្រទេសដំបូងគេនៅតំបន់អាមេរិកឡាទីន (អាមេរិកខាងត្បូង) ក្នុងការធ្វើម្ចាស់ផ្ទះ FIFA Women’s World Cup។

ស្រ្តីអេស្ប៉ាញ ជាជើងឯក Women’s World Cup ចុងក្រោយគេនាឆ្នាំ២០២៣ និងជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ពួកគេផងដែរ ក្រោយយកឈ្នះគូប្រជែងស្រ្តីអង់គ្លេស ១ទល់នឹង០ កាលផ្តាច់ព្រ័ត្រដែលណូវែលហ្សេឡង់ និងអូស្រ្តាលី បានធ្វើម្ចាស់ផ្ទះរួមគ្នា សម្រាប់កម្មវិធីដែលមាន ៤ឆ្នាំម្តងមួយនេះ៕