(ម៉ាឌ្រីដ)៖ ថ្នាក់ដឹកនាំនៃក្លិបបាល់ទាត់ Getafe សង្ឃឹមទទួលបាននូវការខ្ចីជើងកីឡាករខ្សែប្រយុទ្ធ Mason Greenwood ពីក្លិបអង់គ្លេស Manchester United ១រដូវកាលបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

Greenwood ដែលទើបបង្ហាញខ្លួនជាមួយក្រុមតោកំណាចអង់គ្លេសបានតែ ១លើក ដោយពុំបានលេងឱ្យ Man Utd ក្នុងប្រកួតណាមួយគិតចាប់តាំងពីខែមករា ឆ្នាំ២០២២ មកនោះ បានផ្លាស់មកលេងឱ្យ Getafe ជាលក្ខណៈខ្ចីជើង ១រដូវកាល ដោយរូបគេស៊ុតបាន ១០គ្រាប់ផងដែរ ពីការចូលលេង ៣២ប្រកួតគ្រប់កម្មវិធី ដ្បិត Getafe បានកំពុងឈរនៅលេខ១០ ក្នុងតារាង La Liga នាពេលនេះ។

ប្រការនេះបានញាំងឱ្យលោក Angel Torres ប្រធានក្លិប Getafe មានបំណងចង់រក្សា Greenwood លេងនៅទីនេះ ១រដូវកាលបន្ថែមទៀត។

លោកថា «ប្រសិនបើមានការឯកភាពគ្នាពីឪពុកម្តាយ និងភាគីក្លិប Man Utd។ ខ្ញុំគិតថា គាត់អាចបន្តលេងនៅទីនេះទៀត។ ពួកយើងនឹងបន្តរង់ចាំដល់ចុងខែមិថុនា ស្របពេលអ្នកគាំទ្រ និងគ្រូបង្វឹកពិតជារីករាយក្នុងការធ្វើការជាមួយ Greenwood ណាស់»

យ៉ាងណាមិញម្ចាស់ក្លិប Man Utd ថ្មីគឺលោក Sir Jim Ratchiffe ធ្លាប់បាននិយាយកាលពីខែកុម្ភៈ ឆ្នាំ២០២៤ ថា ពួកគេពុំទាន់បានសម្រេចចិត្តណាមួយនៅឡើយទេ ចំពោះអនាគតរបស់ Greenwood។

Greenwood បានចូលរួមជាមួយ Getafe សមាជិកលេងនៅ La Liga របស់អេស្ប៉ាញនៅថ្ងៃបិទបញ្ចប់រដូវកាលដោះដូរកីឡាករនាអំឡុងខែសីហា ឆ្នាំ២០២៤ ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ពាក់ព័ន្ធនឹងការប្រើហឹង្សាលើមិត្តស្រីរបស់ខ្លួន៕