(បរទេស)៖ ជម្លោះឧស្សាហកម្មបន្ទះឈីបរវាងសហរដ្ឋអាមេរិក និងចិន បង្កើតបានព្រឹត្តិការណ៍ធំៗមួយចំនួន ជាពិសេសធ្វើឲ្យក្រុមហ៊ុនផលិតបន្ទះឈីបអាេមរិកធំៗ ដូចជា Intel និង Qualcomm មានការព្រួយបារម្ភជាខ្លាំង ពីរឿងដាច់ម៉ូយនៅទីផ្សារក្រៅប្រទេស។ បញ្ហាបានកើតមានហើយ ដោយនៅថ្ងៃពុធសប្តាហ៍នេះ Intel ប្រកាសថា ការនាំចេញរបស់ខ្លួន ត្រូវរាំងស្ទះ ក្រោយអាមេរិកដកហូតអាជ្ញាប័ណ្ណនាំចេញបន្ទះឈីបសំខាន់ៗមួយចំនួនទៅចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

ក្នុងការប្រកាសនេះ Intel មិនបានបង្ហាញឈ្មោះអតិថិជនចិន ដែលមានអាជ្ញាប័ណ្ណត្រូវបានលុបចោលនោះទេ ប៉ុន្តែសារព័ត៌មាន Reuters បានរាយការណ៍ថា សហរដ្ឋអាមេរិកបានដកហូតអាជ្ញាប័ណ្ណនាំចេញរបស់ក្រុមហ៊ុននានា រួមទាំង Intel និង Qualcomm ដែលបានន័យថា រាល់ការដឹកជញ្ជូនបន្ទះឈីប ដែលប្រើសម្រាប់កុំព្យូទ័រយួរដៃ និងទូរស័ព្ទ ទៅឱ្យក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ចិន ដូចជា Huawei Technologies ជាដើមនោះ ត្រូវរាំងស្ទះ។

គេនៅចាំបានថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិននៅលើវិស័យបន្ទះឈីប គឺចាប់ផ្តើមកើតឡើងតាំងពីរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក Donald Trump មកម្ល៉េះ ក្នុងគោលបំណងចង់ដាក់សម្ពាធលើឧស្សាហកម្មបច្ចេកវិទ្យារបស់ចិន ដែលជាដៃគូប្រកួតប្រជែងធំបំផុតរបស់ខ្លួន។ ជាក់ស្តែង កុំព្យូទ័រយួរដៃ ដែលដំណើរការដោយ AI ដំបូងបង្អស់របស់ក្រុមហ៊ុនចិន Huawei ត្រូវបានប្រកាសចេញនៅក្នុងខែមេសា គឺម៉ូដែល MateBook X Pro ដំណើរការដោយប្រព័ន្ធដំណើរការ Core Ultra 9 ថ្មីរបស់ Intel ដែលសមិទ្ធផលនេះ ត្រូវបានសមាជិកសភាមកពីគណបក្សសាធារណរដ្ឋមិនសប្បាយចិត្តនោះទេ ដោយនិយាយថា វាជាការបង្ហាញថានាយកដ្ឋានពាណិជ្ជកម្មបានផ្តល់ភ្លើងខៀវដល់ Intel ដើម្បីលក់បន្ទះឈីប ទៅក្រុមហ៊ុន Huawei ។

ក្រោយមានបញ្ហានេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Intel បានធ្លាក់ចុះ ២.៩% នៅត្រឹម ២៩.៨០ ដុល្លារកាក្នុងមួយហ៊ុន នៅរសៀលថ្ងៃពុធសប្តាហ៍នេះ។ ងាកមក Qualcomm ក៏បាននិយាយកាលពីថ្ងៃពុធថា អាជ្ញាប័ណ្ណនាំចេញមួយរបស់ខ្លួន ទៅឲ្យក្រុមហ៊ុន Huawei ក៏ត្រូវបានដកហូតផងដែរ ដែលធ្វើឲ្យភាគហ៊ុនរបស់ខ្លួន គ្មានសញ្ញាវិជ្ជមាន។

គួរជម្រាបថា សហរដ្ឋអាមេរិកបានដាក់ក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីរឹតបន្តឹងផ្នែកពាណិជ្ជកម្ម ក្នុងឆ្នាំ២០១៩ ចំពេលមានការភ័យខ្លាចថា ក្រុមហ៊ុនចិននេះអាចធ្វើចារកម្មលើជនជាតិអាមេរិ។ ការចូល ក្នុងបញ្ជីនេះ មានន័យថារាល់ក្រុមហ៊ុនផ្គត់ផ្គង់ ទៅកាន់ Huawei ត្រូវស្វែងរកអាជ្ញាប័ណ្ណពិសេសមួយដើម្បីនាំចេញ និងមានការពិបាកជាខ្លាំងមុនពេលដឹកជញ្ជូនចេញក្រៅប្រទេស៕