(បរទេស)៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងឥណ្ឌូនេស៊ីលោក Budi Arie Setiadi បានប្រាប់ Reuters ថាអង្គភាពផា្កយរណប Starlink របស់កំពូលមហាសេដ្ឋីលោក Elon Musk បានទទួលការអនុញ្ញាតឱ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ពោល នេះគឺជាអាជ្ញាប័ណ្ណទី៣ ដែលក្រុមហ៊ុនមេ SpaceX កំពុងលេចវត្កមាននៅអាស៊ីអាគ្នេយ៍ក្នុងនោះរួមមាន ប្រទេសម៉ាឡេស៊ី និងហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

លោករដ្ឋមន្ត្រី Budi Arie Setiadi បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ក្រុមហ៊ុន Starlink បានទទួលការអនុញ្ញាតឱ្យធ្វើប្រតិបត្តិការជាអ្នកផ្តល់សេវាអ៊ីនធឺណិតដល់ប្រជាជនឥណ្ឌូនេស៊ី ដែលរួមបញ្ចូលទាំងការផ្តល់សេវាដល់តំបន់ដាច់ស្រយាល និងមានសម្រាប់ការជាវផងដែល ខណៈការផ្តល់ជូនទាំងនេះ គឺទទួលបានការអនុញ្ញាតពីស្ថានីយ VSAT របស់ឥណ្ឌូនេស៊ី។

យ៉ាងណាមិញជុំវិញព័ត៌មានលម្អិតផ្សេងទៀតអំពីតម្លៃនៃការវិនិយោគរបស់ Starlink លោករដ្ឋមន្រ្តី Budi មិនត្រូវបានបញ្ជាក់នោះទេ។

គួរជម្រាបថា ក្រុមហ៊ុន Starlink នឹងចាប់ផ្តើមធ្វើការសាកល្បងជាលើកដំបូងនៅក្នុងទីក្រុង Nusantara នៃរដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងខែនេះ ហើយចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាចនឹងមកដល់ក្រោយការសាកល្បង បើតាមការរំពឹងទុកអាចក្រោយត្រឹមតែរយៈពេលជាងមួយសប្តាហ៍ប៉ុណ្ណោះ នេះបើតាមការបញ្ជាក់ពីលោករដ្ឋមន្ត្រី Budi។

គិតមកដល់ពេលនេះ ផ្កាយរណប Starlink របស់ SpaceX មានប្រហែល ៦០ភាគរយគិតជាចំនួនសរុប ៧,៥០០ផ្តាយរណប ដែលកំពុងធ្វើដំណើរជុំវិញផែនដី និងកំពុងមានភាពលេចធ្លោជាខ្លាំងនៅក្នុងវិស័យអ៊ីនធឺណិតផ្កាយរណប៕