(បរទេស)៖ អ្នកនាំពាក្យក្រុមហ៊ុនយក្ស Microsoft បានឱ្យដឹងថា ក្រុមហ៊ុនកំពុងបិទមជ្ឈមណ្ឌលអភិវឌ្ឍន៍អាហ្រ្វិក (Africa Development Centre) របស់ខ្លួនក្នុងប្រទេសដែលមាន ប្រជាជនច្រើនគេបំផុតរបស់ទ្វីបនីហ្សេរីយ៉ា ខណៈប្រជាជននៅទីនោះនឹងប្រឈមការបាត់បង់ការងារក្នុងចំនួនដ៏ច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ចេញផ្សាយបានឱ្យដឹងថា មជ្ឈមណ្ឌលនេះ មានទីតាំងនៅក្នុងរដ្ឋធានីពាណិជ្ជកម្ម Lagos ប្រទេសនីហ្សេរីយ៉ា ត្រូវបានបើកក្នុងឆ្នាំ២០២២ ដែលជាផ្នែកមួយនៃការជំរុញរបស់ក្រុមហ៊ុន Microsoft ដើម្បីផ្តល់នូវដំណោះស្រាយវិស្វកម្ម និងនវានុវត្តន៍កម្រិតខ្ពស់របស់ខ្លួន។

Microsoft បាននិយាយថា បើទោះបីជាមានការបិទមជ្ឈមណ្ឌលមួយក៏ពិតមែន ប៉ុន្តែខ្លួននឹងនៅតែបន្តប្រតិបត្តិការនៅក្នុងប្រទេសនីហ្សេរីយ៉ា ដោយបន្តផ្តល់អាទិភាព និងបណ្តាក់ទុនលើផ្នែកកំពុងអភិវឌ្ឍន៍។ បើតាមការរំពឹងទុក Microsoft នឹងងាកទៅផ្នែកដូចជា សេវាកម្ម Cloud រួមទាំង Azure, Office 365 និង Windows ជំនួសវិញ។

គួរជម្រាបថា ជុំវិញការបញ្ឈប់បុគ្គលិកនេះ គេមិនច្បាស់នោះទេ ថាតើមានបុគ្គលិកប៉ុន្មាននាក់នឹងរងផលប៉ះពាល់។ ប៉ុន្តែបើយោងតាមរបាយការណ៍កាលពីខែធ្នូ ឆ្នាំ២០២២ Microsoft នៅពេលនោះមានបុគ្គលិកជាង ២០០នាក់នៅ Lagos និងជាង ៥០០នាក់នៅ Nairobi ប្រទេស Kenya៕