(បរទេស)៖ មេធំក្រុមហ៊ុន Meta លោក Mark Zuckerberg ត្រូវបានគេរាយការណ៍មកថា កំពុងពិចារណាទិញយកភាគហ៊ុនក្នុងទំហំមួយដ៏ធំរបស់ទីភ្នាក់ងារសារព័ត៌ The Associated Press (AP)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Insider និង RT កាលពីថ្មីៗនេះ។

ប្រភពពីខាងលើនេះ បានស្រង់សម្តីរបស់មនុស្សមួយចំនួនដែលជិតស្និទ្ធនឹងបណ្ដាញសង្គម Facebook ដោយក្នុងនោះគេបានបញ្ជាក់ថា កិច្ចព្រមព្រៀងដ៏មានសក្ដានុពលមួយនេះត្រូវបានយកមកពិភាក្សា ខណៈដែល Facebook ត្រូវបានគេចោទប្រកាន់ថា មានឥទ្ធិពលលើការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦។

Meta ដែលពីមុនត្រូវបានគេស្គាល់ថាជា Facebook ដែលជាតួនាទីរបស់ក្រុមហ៊ុន នៅក្នុងការបោះឆ្នោត ដែលលោក Donald Trump ត្រូវបានបោះឆ្នោតឱ្យឡើងកាន់អំណាច បានប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងខ្លាំងពីទីក្រុងវ៉ាស៊ីនតោនចំពេលមានការអះអាងថា Facebook បានជួយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

ភាពស្លន់ស្លោខាងសីលធម៌កាន់តែអាក្រក់ទៅៗ បន្ទាប់ពី Facebook បានបង្ហាញថា ទីភ្នាក់ងាររុស្ស៊ីមួយបានចំណាយប្រាក់ ១០ម៉ឺនដុល្លារ លើការផ្សាយពាណិជ្ជកម្មតាមបណ្តាញសង្គម ដែលចោទប្រកាន់ថា បានព្យាយាមញុះញង់ឱ្យមានការបែកបាក់ក្នុងអំឡុងពេលយុទ្ធនាការប្រធានាធិបតី។

ទីក្រុងមូស្គូបានបដិសេធរាល់ការប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិក ខណៈដែលអនុប្រធាន Facebook ទទួលបន្ទុកការផ្សាយពាណិជ្ជកម្ម លោក Rob Goldman ក្រោយមកបានបង្ហើបថា ការចំណាយរបស់រុស្ស៊ីបានកើតឡើងបន្ទាប់ពីការបោះឆ្នោត។ ទោះជាយ៉ាងណាក៏ដោយ Zuckerberg នៅតែត្រូវបានបង្ខំឱ្យធ្វើការផ្លាស់ប្តូរសំខាន់ៗចំពោះសេវាកម្ម និងគោលការណ៍ឯកជនភាពរបស់ Facebook ហើយថែមទាំងបានសុំទោសជាផ្លូវការទៅកាន់សភាអាមេរិកក្នុងឆ្នាំ ២០១៨ សម្រាប់ការគ្រប់គ្រងវេទិការបស់គាត់។

Business Insider បានបន្ថែមទៀតថា នាយកប្រតិបត្តិ Facebook មានគំនិតក្នុងការទិញយកសារព័ត៌មានក្នុងពេលតែមួយ។ ប្រភពបាននិយាយថា Zuckerberg មានគម្រោងប្រើវាជាប្រភពព័ត៌មានដែលអាចទុកចិត្តបាន ដើម្បីបង្កើតការផ្សាយព័ត៌មានដែលមានគុណភាពខ្ពស់ និងដោះស្រាយភាពចម្រូងចម្រាស់។ គម្រោងទិញនេះ ត្រូវបានគេរាយការណ៍ថា លោក Mark Zuckerberg បានពិភាក្សាអំពីគំនិតនេះយ៉ាងលម្អិតជាមួយក្រុមការងារ Facebook ។

ប្រភពមួយផ្សេងទៀតបានលើកឡើងថា ការទិញយក AP វាមិនមែនជារឿងងាយស្រួលនោះទេ បើទោះបីជា Mark Zuckerberg មានលុយច្រើនសន្ធឹកសន្ធាប់ក្ដី ប៉ុន្តែបើតាមប្រភពព័ត៌មានចុងក្រោយបានលួចបង្ហើបឲ្យដឹងថា មហាសេដ្ឋីរូបនេះ អាចនឹងឧបត្ថម្ភធននៅក្នុងទំហំទឹកប្រាក់ណាមួយ ជាអចិន្ត្រៃយ៍ដើម្បីដោះដូរទៅលើអ្វីមួយដែលលោកចង់បាន។

Business Insider និង RT បានសង្កត់ធ្ងន់ទៅលើរឿងនេះថា ជាចុងក្រោយ Mark Zuckerberg បានបោះបង់គំនិតទិញយក AP នឹងងាកមកគៀងគរអ្នកសារព័ត៌មានឯករាជ្យជាច្រើននៅជុំវិញពិភពលោក ដើម្បីបង្កើតជាស្ថាប័នព័ត៌មានមួយសម្រាប់ខ្លួនឯងវិញ៕